សោកស្តាយណាស់!! ព្រះខ័នរាជស្វាយរៀង ទទួលត្រឹមជើងឯករង AFC Challenge League ក្រោយបរាជ័យក្រោមថ្វីជើង FK Arkadag

ក្តីស្រមៃក្នុងការលើកពានរង្វាន់កម្រិតទ្វីបជាប្រវត្តិសាស្ត្រនៅលើទឹកដីកំណើតរបស់ក្លិបបាល់ទាត់កម្ពុជា ព្រះខ័នរាជស្វាយរៀង មិនអាចក្លាយជាការពិតបានទេ បន្ទាប់ពីពួកគេបានបរាជ័យក្នុងលទ្ធផលដ៏តានតឹង ២-១ ក្រោមថ្វីជើងក្រុមភ្ញៀវ FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាល ២០២៤/២៥។ ការប្រកួតដ៏ជក់ចិត្តនេះបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញនេះ  ចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានចូលរួមផ្ទាល់ដើម្បីផ្តល់កម្លាំងចិត្ត។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះពិតជាមានភាពតានតឹង និងទាក់ទាញខ្លាំងតាំងពីដើមដល់ចប់ ដោយក្រុមទាំងពីរបានព្យាយាមរកគ្រាប់បាល់រៀងៗខ្លួន។ ទោះបីជា ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងដ៏ល្អ និងតស៊ូប៉ុនប៉ងទម្លុះសំណាញ់ទីក្រុមភ្ញៀវយ៉ាងណាក្តី ក៏ FK Arkadag នៅតែអាចទប់ទល់ និងមានប្រសិទ្ធភាពក្នុងការបញ្ចប់ទីបានល្អប្រសើរជាង ដែលជាហេតុនាំឱ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-១។

លទ្ធផលនេះបានធ្វើឱ្យក្រុម FK Arkadag របស់តួកម៉េនីស្ថាន គ្រងដំណែងជាជើងឯកពានរង្វាន់ AFC Challenge League រដូវកាលដំបូងគេបង្អស់ ខណៈដែលក្លិបបាល់ទាត់ដ៏ខ្លាំងរបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង ត្រូវទទួលត្រឹមចំណាត់ថ្នាក់ជាក្រុមជើងឯករងយ៉ាងគួរឱ្យសោកស្ដាយ។

ទោះបីជាមិនបានលើកពានក៏ដោយ ការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់កម្រិតទ្វីបមួយនេះ គឺជាស្នាដៃដ៏ធំធេង និងជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូល ដែលបានបង្ហាញពីការរីកចម្រើន និងសក្ដានុពលរបស់បាល់ទាត់ជាតិលើឆាកអន្តរជាតិ ជាពិសេសគឺការទទួលបានការគាំទ្រយ៉ាងគំហុកពីអ្នកគាំទ្រជាង ៥ម៉ឺននាក់នៅកីឡដ្ឋានជាតិមរតកតេជោ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យកីឡាបាល់ទាត់នៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *