នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងឱ្យបានដឹងថា សម្រាប់បងប្អូនស្ត្រីទូទៅ ក៏ដូចជាសមាជិក ប.ស.ស. អាចទៅទទួលការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលមានទីតាំងលើផ្លូវលេខ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះ ដើម្បីទៅពិនិត្យទទួលបានលទ្ធផលត្រឹមត្រូវ វេជ្ជបណ្ឌិត តាំង ស៊ីងអ៊ីង ឯកទេសផ្នែករោគស្ត្រី នៅមន្ទីរពេទ្យហ្លួងម៉ែ បានណែនាំឱ្យអ្នកពិនិត្យមានលក្ខខណ្ឌមួយចំនួនដូចជា ៖
– ទៅពិនិត្យកុំឱ្យចំពេលដែលមករដូវ
– កុំឱ្យមានការរួមភេទហោចណាស់ ៤៨ ម៉ោង មុនពិនិត្យ ឬ ២ ទៅ ៣ ថ្ងៃ
– បើមានការសុលថ្នាំ ត្រូវបញ្ចប់ការព្យាបាល ២ ទៅ ៣ ថ្ងៃសិន មុននឹងពិនិត្យ
– បើអ្នកមកពិនិត្យមានបញ្ហាធ្លាក់ស ត្រូវព្យាបាលបញ្ហានោះសិន ទើបពិនិត្យជូនតាមក្រោយ
វេជ្ជបណ្ឌិតរូបនេះបានបន្តទៀតថា ការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនស្ត្រីនេះ គឺឥតគិតថ្លៃគ្រប់បេក្ខភាពទាំងអស់ ឱ្យតែមានអាយុចន្លោះពី ២១ ទៅ ៦៥ នាក់ ធ្លាប់មានដៃគូ ធ្លាប់មានការរួមភេទ សុទ្ធតែអាចទៅពិនិត្យទាំងអស់ ទាំងអ្នកមាន ប.ស.ស អ្នកមានប័ណ្ណសមធម៌ និង អត់ ប.ស.ស ក៏អាចពិនិត្យផងដែរ៕