ភ្នំពេញ៖ លោកជំទាវ ទ្រី ដាណា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះករណីរំលោភសម្លាប់កុមារីអាយុ ១៤ឆ្នាំម្នាក់នៅរាជធានីភ្នំពេញ។ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ សម្រាប់ជួយក្នុងការរៀបចំពិធីបុណ្យ។
ក្នុងសារនោះ លោកជំទាវបានលើកឡើងថា៖ «ឃើញព័ត៌មានហើយសង្វេគណាស់ ដែលរឹតតែអាណិតបំផុតគឺឪពុកម្ដាយ គ្រាំទ្រូងអស់ហើយ។ នាងខ្ញុំចូលរួមរំលែកទុក្ខ ៥០០ដុល្លារ ក្រុមការងារនឹងយកទៅចូលបុណ្យភ្លាម ដើម្បីជួយដោះស្រាយការរៀបចំធ្វើបុណ្យជូនក្មេងស្រី។»
លោកជំទាវ ទ្រី ដាណា ក៏បានសម្តែងការហួសចិត្តចំពោះអាយុរបស់ជនរងគ្រោះដែលទើបតែ ១៤ឆ្នាំ ប៉ុណ្ណោះ ហើយជនដៃដល់ក៏ជាក្មេងៗដូចគ្នា។ លោកជំទាវបានក្រើនរំលឹកដល់កុមារីទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន កុំឆាប់ជឿគេពេក និងកុំទុកចិត្តអ្នកណាខ្លាំងពេក។ ចំណែកក្មេងប្រុសៗវិញ លោកជំទាវក៏បានអំពាវនាវកុំឱ្យភ្លើតភ្លើនតាមមិត្តភក្តិ ឬបងធំ បងតូច ដែលអាចនាំឱ្យបាត់បង់អនាគត។
ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចដែលបានស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់បានយ៉ាងឆាប់រហ័សក្នុងករណីដ៏សាហាវនេះ។