រឿងស្នេហាត្រីកោណ តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រី២នាក់ ពីបទហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ

ភ្នំពេញ៖ ករណីហិង្សាដែលបង្កឡើងដោយជម្លោះស្នេហាត្រីកោណ ឈានដល់ការប្រពន្ធដើមព្រមទាំងបងប្អូនបានបើកបររថយន្តដេញបុក និងបង្កហិង្សាលើស្រីកំណាន់ប្តី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើស្ត្រីចំនួន២នាក់ហើយ ពីបទល្មើសចំនួន២។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា សំណុំរឿងខាងលើ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង២នាក់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ២១៨ និងបទ «ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

ក្រោយបញ្ចប់ការស៊ើបសួរ តំណាងអយ្យការបានបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីក្នុងការសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន សិន រង់ចាំការបើកសវនាការជំនុំជម្រះតាមនីតិវិធីច្បាប់។

យោងតាមក្រមព្រហ្មទណ្ឌ កបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» មាត្រា ២១៨ ចែងថា អំពើហិង្សានេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើនេះប្រព្រឹត្តឡើងដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ ឬដោយមានមនុស្សច្រើននាក់ជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត។

ចំណែកឯបទល្មើស «ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា ៤១១ ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀលផងដែរ នៅក្នុងករណីដែលបទល្មើសនេះប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពជាចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិត ឬប្រព្រឹត្តនៅក្នុងលំនៅឋាន។

ជនសង្ស័យទាំងពីរនាក់ក្នុងសំណុំរឿងនេះ មានឈ្មោះ ជា រីដា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់អាគុយ ស្នាក់នៅភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលរង់ចាំការសម្រេចរបស់ចៅក្រមស៊ើបសួរថានឹងត្រូវឃុំខ្លួនបណ្តោះអាសន្ន ឬយ៉ាងណា ខណៈដែលបទល្មើសនីមួយៗច្បាប់បានកំណត់ការផ្តន្ទាទោសដូចគ្នា ប៉ុន្តែការសម្រេចចុងក្រោយអំពីរយៈពេលជាប់ពន្ធនាគារ និងការបូកបញ្ចូលទោសទាំងពីរ គឺជាការសម្រេចរបស់ចៅក្រមក្នុងពេលជំនុំជម្រះ។

Leave a Reply

Your email address will not be published. Required fields are marked *