អ្នកស្រី ទ្រី ដាណា ផ្ញើសារផ្ដាំទៅកាន់ មាស សុខសោភា រឿង បែកបាក់ និង ជំនឿងងឹត
ភ្នំពេញ៖ កាលពីអំឡុងខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង មាស សុខសោភា តារាចម្រៀងដ៏ល្បីរបស់កម្ពុជា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន បន្ទាប់ពីបានប្រកាសពីការបែកបាក់ជាមួយអតីតស្វាមី លោក អ៊ីត រ៉ាដា។ ដំណឹងនេះ បានធ្វើឲ្យមានការលើកឡើង និងការពិភាក្សាចម្រុះមតិនៅលើបណ្ដាញសង្គម ជាពិសេសគឺការផ្សារភ្ជាប់រឿងរ៉ាវស្នេហា ទៅនឹងបញ្ហាជំនឿផ្ទាល់ខ្លួនរបស់អ្នកនាង។
ការប្រកាសពីការបែកបាក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ តាមរយៈការឡាយវីដេអូរបស់ អ្នកនាង មាស សុខសោភា ផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ។ ក្រោយការប្រកាសភ្លាមៗ មហាជនជាច្រើនបានសម្ដែងការសោកស្ដាយ និងផ្ដល់កម្លាំងចិត្តដល់រូបនាង។ ទន្ទឹមនឹងនេះ ក៏មានមតិរិះគន់មួយចំនួន ដែលបានលើកឡើងពីបញ្ហាជំនឿរបស់អ្នកនាងថាជាឫសគល់នៃបញ្ហានេះ។
ឆ្លើយតបនឹងមតិសាធារណជន ក៏ដូចជាការបារម្ភពីអ្នកគាំទ្រ និងមិត្តរួមអាជីព នៅយប់ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៥ អ្នកនាង មាស សុខសោភា បានចេញមុខបកស្រាយជាថ្មី ដោយបញ្ជាក់ថា បញ្ហាផ្លូវចិត្តរបស់នាងមានភាពប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយ ចំណុចរសើបដែលអ្នកនាងបានសង្កត់ធ្ងន់នោះគឺ ការបែកបាក់រវាងនាង និងអតីតស្វាមី គឺជារឿងដាច់ដោយឡែកពីបញ្ហាលោកតាឥសី ឬ រឿងជំនឿ ហើយបញ្ជាក់ថា គ្មានអ្វីពាក់ព័ន្ធគ្នាឡើយ។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកនាងក៏បានទទូចស្នើសុំឲ្យអតីតស្វាមីបញ្ឈប់ការពាក់ព័ន្ធរូបនាងផងដែរ ដោយហេតុថាអ្នកទាំងពីរបានសម្រេចចិត្តលែងលះគ្នារួចរាល់ហើយទាំងផ្លូវការ និងផ្លូវច្បាប់។
ដោយឡែក នៅអំឡុងពេលដំណាលគ្នានោះផងដែរ អ្នកស្រី ទ្រី ដាណា ដែលជាទូទៅកម្រនឹងបញ្ចេញមតិលើបណ្ដាសង្គម បានបង្ហោះរូបថតរួមគ្នាជាមួយអ្នកនាង មាស សុខសោភា អមដោយសារផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំមានតែពាក្យជូនពរ និងលើកទឹកចិត្តបងប៉ុណ្ណោះ សង្ឃឹមថាបងរឹងមាំឡើង ឆ្លងកាត់ជំនះរាល់បញ្ហា ហើយក្រោកឈរឡើងវិញ ក្លាយជាបង មាស សុខសោភា ជាអ្នកចម្រៀងស្រីដ៏អស្ចារ្យ ដូចដែលខ្ញុំធ្លាប់ស្គាល់ពីមុន។ គាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ ជួយសង្គមបានច្រើន ហើយខ្ញុំតែងតែសរសើរគាត់ជានិច្ច ប៉ុន្តែពេលនេះបែរជាឃើញគាត់មានបញ្ហា មិនដឹងថាគាត់ឆ្លងកាត់រឿងអ្វីខ្លះ មានតែគាត់ខ្លួនឯងទើបបានដឹងបានយល់ច្បាស់។»
អ្នកស្រី ទ្រី ដាណា ក៏បានរំលឹកពីបទពិសោធន៍ផ្ទាល់ខ្លួនដែលធ្លាប់ជួបវិបត្តិផ្លូវចិត្តផងដែរ ដោយបញ្ជាក់ថាបញ្ហានោះមិនមែនទាក់ទងនឹងលុយកាក់ ឬអាជីវកម្មនោះទេ តែជាបញ្ហាជីវិត និងវិបត្តិក្នុងចិត្តដែលធ្វើឲ្យបាក់ទឹកចិត្តយ៉ាងខ្លាំង។ អ្នកស្រីបានបន្តថា នៅពេលបាក់ទឹកចិត្តខ្លាំង ទើបដឹងច្បាស់ពីមនុស្សជុំវិញខ្លួន និងអ្នកដែលពិតជាបានជួយជ្រោមជ្រែង។ ពាក់ព័ន្ធនឹងបញ្ហាជំនឿ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា៖ «…ត្រង់ជំនឿខុស ឬត្រូវ មានតែគាត់ម្នាក់ប៉ុណ្ណោះអាចដឹងច្បាស់។»
ជាចុងក្រោយ អ្នកស្រី ទ្រី ដាណា ក៏បានផ្តាំផ្ញើដល់មហាជនទាំងអស់ថា នៅពេលឃើញអ្នកណាម្នាក់កំពុងបាក់ទឹកចិត្ត សូមព្យាយាមធ្វើអំពើល្អ ចំពោះគេ ពោលពាក្យល្អៗ កុំបន្ទោស កុំសើចចំអក កុំជាន់ពន្លិច ព្រោះវាអាចនឹងបន្ថែមសម្ពាធផ្លូវចិត្តដល់ពួកគេ។ សាររបស់អ្នកស្រី ទ្រី ដាណា នេះ ត្រូវបានមហាជនជាច្រើនគាំទ្រ និងយល់ថាជាសារក្រើនរំលឹកមួយដ៏មានអត្ថន័យ ក្នុងបរិបទនៃការលំបាកផ្លូវចិត្តដែលអ្នកនាង មាស សុខសោភា កំពុងជួបប្រទះ។
VIDEO