ក្រសួងធម្មការ និងសាសនា បង្ហាញកំណត់ហេតុ ដោះស្រាយករណីឥសីភ្នំត្បែង ពាក់ព័ន្ធនឹងតារាចម្រៀង មាស សុខសភា
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញផ្សាយ កំណត់ហេតុស្តីពីការដោះស្រាយករណីបុរសម្នាក់ដែលតាំងខ្លួនជាឥសីពាក់ស្បែកខ្លា នៅជើងភ្នំត្បែង ខេត្តព្រះវិហារ ដែលមានរឿងរ៉ាវពាក់ព័ន្ធនឹងតារាចម្រៀង មាស សុខសភា។ ករណីនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម។
បុគ្គលដែលតាំងខ្លួនជាឥសីនេះមានឈ្មោះ ហនភា រស់នៅតំបន់ជើងភ្នំត្បែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រឿងរ៉ាវរបស់លោកបានផ្ទុះឡើងវិញនៅលើបណ្ដាញសង្គម ក្រោយពីមានការលើកឡើងអំពីជំនឿ និងសកម្មភាពមួយចំនួនរបស់លោក ដែលនាំឲ្យមានការយល់ច្រឡំក្នុងសង្គម ជាពិសេសពាក់ព័ន្ធនឹងតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសភា ដែលធ្លាប់បានឧបត្ថម្ភថវិកាអស់រាប់ម៉ឺនដុល្លារទៅកាន់បុគ្គលរូបនេះ។
យោងតាមកំណត់ហេតុដែលបង្ហាញដោយក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤៥នាទីព្រឹក នៅសាលប្រជុំសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំរវាងក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ជាមួយតំណាងអាសមវង្សចក្រាយុទ្ធ ដើម្បីពិភាក្សាលើការសាងសង់អាសមវង្សចក្រាយុទ្ធ ដែលស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
វត្តមាននិមន្ត និងអញ្ជើញចូលរួមមាន សម្ដេចព្រះព្រហ្មរតនមុនី ប៉ិន សែម សមាជិកថេរាសភា នៃព្រះពុទ្ធសាសនាកម្ពុជា, ឯកឧត្តម ហួត គា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, ឯកឧត្តម ឌី សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងធម្មការ, ឯកឧត្តម មាស សុខកែវ អនុរដ្ឋលេខាធិការក្រសួងធម្មការ, ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ, ព្រះសេមាជីវិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ, ព្រះវិជ័យមេធី ស៊ុន សយ ព្រះគណានុគណស្រុកត្បែងមានជ័យ, លោក ហនភា តំណាងអាសមវង្សចក្រាយុទ្ធ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា, អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនា, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរបរិស្ថាន, រដ្ឋបាលស្រុកត្បែងមានជ័យ, ប្រធានឃុំព្រះឃ្លាំង, និងប្រធានភូមិក្រាំងដូង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃនាយក ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនឯកឧត្តម លោក លោកស្រី ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះមានរបៀបវារៈពិភាក្សាលើការសាងសង់អាសមវង្សចក្រាយុទ្ធ ដែលស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអះអាងថា រដ្ឋបាលខេត្តមិនហាមឃាត់ពាក់ព័ន្ធនឹងជំនឿនោះទេ ប៉ុន្តែត្រូវបញ្ជាក់ឲ្យបានច្បាស់ពីគោលបំណង និងបែបបទនៃការគោរពនៃជំនឿរបស់ខ្លួនឲ្យបានច្បាស់លាស់។ បន្ថែមលើនេះ ក្នុងនាមអាជ្ញាធរដែនដី សូមឲ្យតំណាង និងអ្នកគ្រប់គ្រងអាសមវង្សចក្រាយុទ្ធ ដែលស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើការបញ្ជាក់ជូនអង្គប្រជុំពាក់ព័ន្ធនឹងច្បាប់ បទបញ្ញត្តិដែលពាក់ព័ន្ធរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងប្រភពហិរញ្ញវត្ថុ និងខ្លឹមសារនៃវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមនានាកន្លងទៅ។
លោក ហនភា តំណាងអាសមវង្សចក្រាយុទ្ធ បានលើកឡើងថា គោលបំណងក្នុងការបង្កើតអាសមនេះ គឺចង់ប្រែក្លាយជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ចំពោះថវិកា មិនមានអ្នកឧបត្ថម្ភច្បាស់លាស់ទេ កន្លងមកមានអ្នកមកស្នាក់នៅតែក្នុងរដូវចូលវស្សា ប៉ុណ្ណោះ មិនមានការស្នាក់នៅអចិន្ត្រៃយ៍នោះទេ។ ចំពោះទីតាំងនេះ មានការចុះបញ្ជីប្លង់ត្រឹមត្រូវ កន្លងមកពេលមានកម្មវិធីតែងធ្វើការជូនដំណឹងទៅអាជ្ញាធរដែនដីដើម្បីជួយការពារសុវត្ថិភាព ជាពិសេសគឺស្ត្រី។ អាសមមានគម្រោងក្នុងការសាងសង់ប្រាសាទនៅលើទីតាំងពិតប្រាកដមែន ប៉ុន្តែមិនយកតាមរចនាបទប្រាសាទអង្គរវត្តនោះទេ។
បន្ទាប់ពីបានពិភាក្សារួច អង្គប្រជុំបានឯកភាពណែនាំតំណាងអាសម ដូចខាងក្រោម ៖
១. តំណាងអាសម ត្រូវមកបំពេញបែបបទឲ្យបានត្រឹមត្រូវជាមួយអាជ្ញាធរមូលដ្ឋាន។
២. លុបនូវរាល់វីដេអូដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា។
៣. ត្រូវគ្រប់គ្រង និងរាយការណ៍ពីសមាជិក សមាជិកា និងរចនាសម្ព័ន្ធរបស់អាសម ក៏ដូចជាអ្នកមកគោរពប្រតិបត្តិឲ្យបានច្បាស់លាស់។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ១១:៣៥នាទីព្រឹក ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕