ភ្នំពេញ, ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ – ជិតមួយទសវត្សរ៍បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះដឹកអ្នកដំណើរជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysian Airlines កាលពីឆ្នាំ២០១៤ ទីបំផុតការរកឃើញផ្លូវការមួយពីអង្គការអន្តរជាតិ បានចង្អុលបង្ហាញពីអ្នកទទួលខុសត្រូវ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី១៣ ខែឧសភា នេះ ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ (UN Aviation Council) បានចេញមុខអះអាងកាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះ Boeing 777 ខាងលើ ដែលបានហោះឆ្លងកាត់ដែនអាកាសនៃប្រទេសអ៊ុយក្រែននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ ឧប្បត្តិហេតុដ៏រន្ធត់នេះ បានកើតឡើងខណៈដែលកំពុងមានការវាយប្រយុទ្ធគ្នាយ៉ាងសកម្មរវាងក្រុមផ្ដាច់ខ្លួន ដែលគាំទ្រដោយរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែននៅភាគខាងកើតប្រទេស។
សោកនាដកម្មនេះ បានផ្តាច់ជីវិតអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ២៩៨នាក់ ដែលនៅលើលើយន្តហោះ រួមមានទាំងពលរដ្ឋហូឡង់ ១៩៦ នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ផងដែរ។ ការរកឃើញរបស់ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ គឺជាការអះអាងផ្លូវការមួយបន្ថែមទៀតពីស្ថាប័នអន្តរជាតិ បន្ទាប់ពីការស៊ើបអង្កេតនានាបានបង្ហាញភស្តុតាងជាបន្តបន្ទាប់ដែលភ្ជាប់រុស្ស៊ីទៅនឹងការបាញ់ទម្លាក់នេះ ជាពិសេសតាមរយៈប្រព័ន្ធមីស៊ីល BUK ។
ទោះជាយ៉ាងណា គិតត្រឹមពេលនៃការចុះផ្សាយនេះ នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីសំណាក់ភាគីរុស្ស៊ី នៅឡើយទេជុំវិញការចោទប្រកាន់ចុងក្រោយបង្អស់នេះ៕