រាជធានីភ្នំពេញ — ចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម្ចាស់យានយន្តប្រភេទ ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត និងម៉ូតូកង់បួន។ នេះជាឱកាសថ្មីមួយសម្រាប់សាធារណជន ដែលជាម្ចាស់យានយន្តទាំងនេះ អាចស្នើសុំស្លាកលេខដែលខ្លួនពេញចិត្ត ឬជាឈ្មោះផ្ទាល់ខ្លួនបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននេះ គឺចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ តទៅ។
ម្ចាស់យានយន្តអាចធ្វើការស្នើសុំតាមរយៈពីរជម្រើស៖
១. តាមប្រព័ន្ធអនឡាញ (Online): ចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រសួងគឺ https://vehicle.mpwt.gov.kh។
២. ទៅកាន់ទីតាំងផ្ទាល់ (In-person): ក្រសួងបានកំណត់ទីតាំងចំនួន ២ កន្លែង ដែលសាធារណជនអាចទៅកាន់បានរៀងរាល់ម៉ោងធ្វើការ ដើម្បីស្នើសុំសេវានេះ៖
* ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
* មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឱ្យសាធារណជនប្រើប្រាស់សេវានេះ និងបានផ្តល់នូវមធ្យោបាយសម្រាប់ភ្ជាប់ទំនាក់ទំនងផងដែរ។ ក្នុងករណីសាធារណជនមានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមានមតិយោបល់កែលម្អណាមួយ អាចផ្តល់ព័ត៌មានតាមរយៈប្រអប់សារលើគេហទំព័រ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទ HOTLINE «1275» ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ។
ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួននេះ ត្រូវបានគេមើលឃើញថាជាការបង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ម្ចាស់យានយន្តខ្នាតតូច ដែលពីមុនមកមានតែយានយន្តប្រភេទរថយន្តប៉ុណ្ណោះដែលអាចស្នើសុំស្លាកលេខពិសេសផ្ទាល់ខ្លួនបាន។