រាជធានីភ្នំពេញ — កីឡាករគុនខ្មែរលំដាប់ជួរមុខរបស់កម្ពុជា ធឿន ធារ៉ា កំពុងក្លាយជាប្រធានបទក្ដៅ និងប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីវីដេអូបង្ហាញពីសកម្មភាពរបស់លោកកំពុងជក់បារីអេឡិចត្រូនិចបានលេចធ្លាយ និងកំពុងត្រូវបានចែករំលែកព្រោងព្រាត។
មហាជនជាច្រើនបានសម្ដែងក្ដីមិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើរបស់កីឡាកររូបនេះ ដែលបានជក់បារីអេឡិចត្រូនិច (ប្រភេទ YooZ) បង្ហុយផ្សែងហុយទ្រលោមនៅពីមុខកាមេរ៉ា ក្នុងនាមជាកីឡាករលំដាប់ជួរមុខដែលជាឥស្សរជនសាធារណៈ និងគួរធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។
វីដេអូដែលមានរយៈពេលប្រមាណ ១៨ វិនាទីនេះ ត្រូវបានគេដឹងថា លេចធ្លាយនិងត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកមួយឈ្មោះ “មណ្ឌលវប្បធម៌” ដោយភ្ជាប់ជាមួយសាររិះគន់ចំៗថា៖ «ក្នុងនាមជាកីឡាករគុនខ្មែរជួរមុខ គួរធ្វើជាជនគំរូ មិនជក់បារី មិនផឹកស្រា ខំប្រឹងហ្វឹកហាត់ អភិវឌ្ឍន៍សម្ថភាពជាប្រចាំ ក្លាយជាកីឡាករកំពូលលើកមុខមាត់ប្រទេសជាតិ និង គ្រួសារបានយូរអង្វែង។ ការជក់ ការផឹក ជាសិទ្ធិបុគ្គល តែវាធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រ និង គ្រូបង្វឹកយ៉ាងខ្លាំង។ ត្រូវភ្ញាក់រឭកឡើងវិញ Idol»។
សាររិះគន់ និងដាស់តឿនស្រដៀងគ្នានេះ ក៏បានផុសផុលជាបន្តបន្ទាប់ពីសំណាក់អ្នកលេងបណ្ដាញសង្គមដទៃទៀតផងដែរ ដោយអ្នកខ្លះបានបញ្ចេញមតិថា៖ «ជក់ក៏ដោយ ផឹកក៏ដោយ ជាសិទ្ធិរបស់យើងគ្រប់គ្នា តែគួរគិតថាយើងមានមហាជនស្គាល់ច្រើន គួរពេលជក់ ឬ ផឹកលាក់បាំងខ្លះទៅកុំបង្ហាញ ព្រោះក្មេងៗជំនាន់ក្រោយអាចធ្វើតាមលឿនណាស់ ឱ្យតម្លៃខ្លួនឯងផង»។ រីឯខ្លះទៀតបានបន្ថែមថា ការធ្វើជាកីឡាករជួរមុខនិងជាមនុស្សរបស់មហាជន ទោះបីជាវាជាសិទ្ធិបុគ្គលក៏ពិតមែន តែមិនគួរបង្ហាញទង្វើដែលគ្មានប្រយោជន៍ដល់សង្គមបែបនេះឡើយ។
បច្ចុប្បន្ន វីដេអូ និងការជជែកដេញដោលជុំវិញសកម្មភាពរបស់ ធឿន ធារ៉ា កំពុងតែបន្តរីករាលដាល និងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជន ដែលទាមទារឱ្យកីឡាកររូបនេះពិចារណាឡើងវិញលើសកម្មភាពរបស់ខ្លួនក្នុងនាមជាបុគ្គលសាធារណៈ៕