ព្រះសង្ឃ យិន វ៉ាយ បានសឹកក្លាយជាអន្ទិតហើយ នឹងបកស្រាយកិ-បកេ-ងលុ-យជំនួ-យ…..(មានវីដេអូ)

ភ្នំពេញ ៖ ព្រះសង្ឃ យិន វ៉ាយ ដែលជាព្រះសង្ឃល្បីក្នុងកិច្ចការមនុស្សធម៌ តែងអំពាវនាវរកជំនួយ និងនិមន្តចុះចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា អនាថា ចាស់ជរា ជនមានពិការភាពជាដើមនោះ បន្ទាប់ពីទទួលបានការចោទពីមជ្ឈដ្ឋានមួយចំនួនថា បានកិបកេងលុយជំនួយ ២៣០០០ដុល្លារ របស់ភិក្ខុ ទុន ចត្រា ដែលមានអាពាធខូចតម្រង់នោម ត្រូវវះកាត់ដូរក្រលៀន នៅប្រទេសឥណ្ឌា។

ការចោទប្រកាន់នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល ដែលជាអ្នកសកម្មខាងការងារមនុស្សធម៌ជួយសង្គមមួយរូបដែរ ទម្លាយទាំងលិខិតកិច្ចសន្យារបស់ភិក្ខុ យិន វ៉ាយ ដែលបានសារភាពថា ពិតជាបានដកលុយជំនួយរបស់ភិក្ខុ ទុន ចត្រា ចំនួន ២៣០០០ដុល្លារ ដោយធានាសងវិញគ្រប់ចំនួន។ លោកផ្កាយមួយ ទី ចំរើនកុសល ថែមទាំងបានស្នើទៅគណៈសង្ឃនាយកចាប់សឹកព្រះសង្ឃក្មេង យិន វ៉ាយ ដោយចោទប្រកាន់ថា ពេលយប់បានលួចដោះស្បង់ជីវរ ស្លៀកពាក់ជាគ្រហស្ថ ពាក់មួកបិទបាំងក្បាលត្រងោល ចូលក្លឹបរាត្រី។

ជុំវិញបញ្ហានេះ ពេលនេះព្រះសង្ឃក្មេងអង្គនេះ បានសម្រេចសឹកក្លាយជាអន្តិតហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ អន្តិត យិន វ៉ាយ ក៏បានចេញមុខបកស្រាយយ៉ាងលម្អិតផងដែរ។

អន្តិត យិន វ៉ាយ បានបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ និងបានលាចាកសិក្ខាបទរួចរាល់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា ការលាចាកសិក្ខាបទយ៉ាងតក់ក្រហល់នេះ មិនមែនដោយសារតែមានការបង្ខិតបង្ខំ ឬមានលក្ខខណ្ឌពីគណៈសង្ឃនាយកទេ គឺ ជាការស្ម័គ្រចិត្តរបស់លោក ដើម្បីលាងភាពស្អាតស្អំរបស់លោក និងដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា ព្រោះការចោទប្រកាន់ទាំងនោះ ធ្វើឱ្យលោកពិបាកទទួលយកបាន។

អន្តិត យិន វ៉ាយ បានថ្លែងថា នៅក្នុងការប្រជុំមួយគណៈសង្ឃ ខ្ញុំបាទបានបកស្រាយតាមហ្នឹងទាំងអស់ ហើយអត់ទៅមានជាទោសទណ្ឌអីទេ ហើយក៏បានបញ្ចប់ទាក់ទងទៅនឹងរឿងទាំងអស់នេះ។ គឺ ការដែលគេចោទប្រកាន់មូលបង្កាច់យើងគ្រប់បែបយ៉ាងនេះ ខ្ញុំបាទបដិសេធ ប៉ុន្តែអ្វីដែលខ្ញុំទទួលមកដល់ពេលនេះ គឺ ខ្ញុំបាទសុំលាចាកសិក្ខាបទ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា ដើម្បីបញ្ចប់រឿងទាំងឡាយ ព្រោះអ្វីដែលគេចោទប្រកាន់ខ្ញុំបាទទាំងអស់ហ្នឹង គឺ រឿងខ្លះបុគ្គលដែលមិនមានការពាក់ព័ន្ធហ្នឹង គាត់មិនបានដឹងអំពីជម្រៅនៃសាច់រឿងហ្នឹងទេ។ អញ្ចឹងយកតែរូបភាពមួយសន្លឹក ពីរ សន្លឹក ហើយធ្វើការសន្និដ្ឋាន ដូច្នេះការលាចាកសិក្ខាបទនេះ ដោយសារខ្ញុំបាទគិតឃើញពីតម្លៃព្រះពុទ្ធសាសនា ជាសំខាន់ ទោះបីក្នុងទម្រង់មួយដែលខ្ញុំបាទខុស ឬត្រូវក៏ដោយ ក៏ខ្ញុំបាទត្រូវលាចាកសិក្ខាបទដែរ ព្រោះអីរឿងនេះវាជះឥទ្ធិពលដល់ព្រះពុទ្ធសាសនា ជាតម្លៃមួយដែលប្រជាពលរដ្ឋខ្មែរគោរពស្រលាញ់ ហើយការណាដែលខ្ញុំបាទនៅទៀត ទោះបីជាយើងត្រូវ ឬយើងល្អយ៉ាងណាក៏ដោយ ក៏មនុស្សដែលមានបំណងចង់ច័ន្ទពន្លិចព្រះពុទ្ធសាសនានោះ នៅតែបន្តសកម្មភាពចោទប្រកាន់យើង មកដល់រហូតអញ្ចឹង។ អញ្ចឹងយើងក៏សម្រេចចិត្តថា កុំដោយសារតែបុគ្គលខ្ញុំមួយរូប ប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា អញ្ចឹងខ្ញុំសុំលាចាកសិក្ខាបទ ដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាង។

ចំពោះថវិកាទាំងអស់ហ្នឹងដែលធ្វើកិច្ចសន្យានៅឥណ្ឌា និងចំនួន ២៣០០០ដុល្លារ ខ្ញុំបាទបានព្រមព្រៀងនៅឥណ្ឌា ហ្នឹងតែមិនមែនខ្ញុំជាអ្នកសរសេរទេ កិច្ចសន្យាទាំងអស់ហ្នឹង គឺ ធ្វើឡើងដោយលោក អាត់ រិទ្ធី ជាអ្នកសរសេរឡើង ហើយក៏បង្ខំឱ្យខ្ញុំបាទផ្ដិតមេដៃ។ ខ្ញុំនឹកឃើញថា ថវិកាហ្នឹងខ្ញុំមិនបានទទួលយកទាំងអស់ទេ ថវិកាហ្នឹងវានៅខ្វះតែ 5000ដុល្លារទេ ប៉ុន្តែខ្ញុំក៏ទទួលស្គាល់ ដោយសារខ្ញុំឱ្យពាក់កណ្ដាលទៅ គេមិនយកទេ គេចាំយកទាំងអស់។

អន្តិត យិន វ៉ាយ បន្តថា ត្រង់នេះខ្ញុំសូមរៀបរាប់ថា កិច្ចសន្យាជាមួយមន្ទីរពេទ្យហ្នឹង ដំបូងគឺយើងកក់ប្រាក់គេ ៥០០០ដុល្លារ ដើម្បីគាត់ទៅរត់ឯកសារហ្នឹង។ កក់ដំណាក់កាលទី១ ខ្ញុំផ្ញើទៅហើយ ដំណាក់កាលទី២ មុនពេលឡើងយន្តហោះ ត្រូវប្រគល់ជូនចំនួន ២២៥០០ដុល្លារ (តាមអត្ថបទដើម) អាហ្នឹងខ្ញុំប្រគល់ឱ្យហើយដែរ។ អញ្ចឹងប្រាក់លោកប្អូន ទុន ចត្រា នៅខ្ញុំហ្នឹងគឺមានតែ ១៨០០០ដុល្លារ ប៉ុណ្ណោះដែលត្រូវសម្រាប់ឱ្យពេទ្យមុនពេលឡើងយន្តហោះ។ ខ្ញុំបាទដាក់ប្រាក់ឱ្យនៅគុងរបស់ប្អូន ចត្រា ហ្នឹងចំនួន ៥០០០០ដុល្លារ ប្រាក់ខ្មែរចំនួន ៣៩លានរៀល។ បន្ទាប់មកកិច្ចសន្យាចុងក្រោយហ្នឹង លោកប្អូនមុនវះកាត់មួយសប្ដាហ៍ ត្រូវប្រគល់ប្រាក់ជូនពេទ្យ។ នៅពេលដែលលោកប្អូន ចត្រា ហ្នឹងចោទប្អូនប្រុស ថន មេងហ៊ាង ថាកិបកេង ប្រវាញ្ចិលុយគាត់អញ្ចឹងទៅ ក៏ខ្ញុំដើរតួសម្រាប់សម្រួលថា លោកប្អូនយើងកុំបង្ខំ កុំអីអញ្ចឹងទៅ រឿងនេះយើងដោះស្រាយអីអញ្ចឹងទៅ បញ្ហានេះយើងកុំឱ្យវាមានការមិនល្អពីមហាជន ហើយយើងសុំពីមហាជន មកព្យាបាលហើយ យើងមានការកិបកេងលុយ ណានីអីអញ្ចឹង វាបញ្ហាហ្នឹង។ យើងដោះស្រាយ ហើយលោកប្អូនហ្នឹងក៏យល់ព្រមទទួលកំហុសថាខ្លួនឯងយកច្រឡំ ក៏បានផ្ញើធ្វើលិខិត សុំទៅកាន់ប្អូន ថន មេងហ៊ាង ថាខ្លួនឯងយកច្រឡំចោទប្រកាន់គេខុស។ នៅពេលដែលខ្ញុំវេត្រឡប់មកស្រុកខ្មែរហ្នឹងហើយ ខ្ញុំមានធុរៈ ហើយខ្ញុំក៏វិលត្រឡប់ទៅឥណ្ឌាវិញ។ ក៏អន់ចិត្តជាមួយខ្ញុំអារឿងថា ខ្ញុំសម្របសម្រួលជាមួយនឹងប្អូន ថន មេងហ៊ាង ហ្នឹង ក៏បញ្ឆេះឱ្យពេទ្យហ្នឹង មកទា លុយហ្នឹងមុនកិច្ចសន្យា។ មានន័យថាកិច្ចសន្យា មុនវះកាត់មួយសប្ដាហ៍ ទៅប្រគល់ជូនប្រាក់ចុងក្រោយ ២២៥០០ដុល្លារ ប៉ុន្តែឱ្យពេទ្យមកយកមុនកំណត់ ខ្ញុំមានលុយមិនគ្រប់គ្រាន់។ លោកមិនទុកចិត្តក៏ឱ្យ អាត់ រិទ្ធី ហ្នឹងធ្វើកិច្ចសន្យាទៅ ហើយខ្ញុំក៏អនុវត្តទៅតាមកិច្ចសន្យាហ្នឹង។

នៅពេលដែលខ្ញុំវិលត្រឡប់មកខ្មែរវិញ ស្រាប់តែលោកទាភ្លាម ហើយគំរាមបង្ហោះរូប បង្ហោះអី។ ខ្ញុំក៏ប្រាប់ទៅ លុយហ្នឹងនៅឯណា គឺប្រាក់នៅនឹងខ្ញុំ ២៣០០០ដុល្លារ ហ្នឹង។ ដោយសារតែនៅពេលដែលខ្ញុំមកខ្មែរហ្នឹង មានគេជួបគ្រោះថ្នាក់ចរាចរណ៍ទៅ ខ្ញុំក៏ដកជួយគេទៅ ក៏បានអស់ប្រាក់ហ្នឹង ចំនួន ៥៥០០ដុល្លារ នៅខ្វះ ៥៥០០ដុល្លារ។ ខ្ញុំមាន ១០០០០ដុល្លារជាងហើយ ហើយខ្ញុំថា សុំលោកប្អូនទុកពេលឱ្យខ្ញុំ២សប្ដាហ៍មក ខ្ញុំនឹងប្រគល់ប្រាក់ ហ្នឹងជូនទៅលោកប្អូនគ្រប់ចំនួនវិញ តែលោកអត់ទុកពេលឱ្យទេ ហើយដកហ្នឹងមិនមែនដកយកទៅធ្វើអីទេ អត់មានធ្វើអីទេ ព្រោះរាល់ថ្ងៃនេះខ្ញុំបាទក៏អត់មានអីដែរ ជីវភាពគ្រួសារបងប្អូន ឪពុកម្ដាយហ្នឹងសុទ្ធតែទីទាល់ក្រទាំងអស់។ អាចធ្វើការស៊ើបអង្កេតអីមើលទៅ ក៏ខ្ញុំហ៊ានដែរ ពីព្រោះខ្ញុំអត់បានដកលុយហ្នឹងមកចាយវាយផ្ទាល់ខ្លួនឯង សូម្បីតែមួយរយ ក៏អត់មានដែរ។ មួយទៀតទាក់ទងនឹងប្រាក់ទៅជួយអ្នកនៅភូមិវាលហ្នឹង ដំបូងខ្ញុំថាខ្ញុំទៅ ខ្ញុំបានប្រាក់ហ្នឹង ២០០០ដុល្លារ ខ្ញុំប្រុងទៅ បន្ទាប់មកក៏មានបញ្ហាជាមួយនឹងរឿងថវិកានៅឥណ្ឌា។ ហើយខ្ញុំអត់បានទៅវិញ ហើយខ្ញុំក៏ផ្ញើថវិកាហ្នឹងតាមសមាគមផ្សេងៗ បែងចែក បានបាញ់ទៅព្រះអង្គ ហាស តុលា ហ្នឹង ៥០០ដុល្លារ បាញ់ទៅព្រះអង្គ សុខ ធារី ខាងធម្មកថិក ជីវិតហ្នឹង ៣០០ដុល្លារ និងបាញ់ទៅបងស្រី រតនៈទេវី ហ្នឹង ៣០០ដុល្លារ និងបាញ់ទៅគណៈសង្ឃនាយក ហ្នឹង ១០០០ដុល្លារ ទាំងអស់ទៅវា ២១០០ដុល្លារ។ នៅពេលដែលខ្ញុំមានបញ្ហារឿងប្រាក់ហ្នឹង គណៈសង្ឃនាយកអត់ទទួលទេ ប្រាក់ហ្នឹងគេក៏បាញ់វិលត្រឡប់មកខ្ញុំវិញ ហើយ រតនៈទេវី ហ្នឹងគេក៏អត់ទទួលដែរ គេក៏បានបាញ់មកឱ្យខ្ញុំវិញ។ នៅពេលនោះខ្ញុំក៏បានប្រាប់ទៅម្ចាស់សទ្ធាថា ថវិកាហ្នឹងខ្ញុំអត់បានទៅទេ ខ្ញុំផ្ញើទៅតាមសមាគមផ្សេងៗបានបែងចែក ប៉ុន្តែគេអត់ទទួល អញ្ចឹងខ្ញុំសូមផ្ទេរប្រាក់ហ្នឹងទៅម្ចាស់ជំនួយវិញ ហើយខ្ញុំក៏បានបាញ់ប្រាក់ហ្នឹងទៅម្ចាស់ជំនួយវិញដែរ ឱ្យគ្រប់ចំនួនគេហ្នឹងវិញ។ ហើយខ្ញុំផុសតែប្រាក់ណា ដែលខ្ញុំបានបាញ់ទៅឱ្យគេហ្នឹង។ ហើយដល់ពេលអញ្ចឹងទៅ គេឃើញប្រាក់ដែលគេចូលរួមហ្នឹងច្រើន ហើយខ្ញុំបាញ់ទៅឱ្យគេហ្នឹងតិច គេគិតថាខ្ញុំនឹងកិបកេងលុយហ្នឹង។ ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងថា ខ្ញុំមិនបានកិបកេងប្រវាញ្ចិប្រាក់ទាំងអស់នោះទេ។ បើចង់ស្មោះត្រង់ទាំងអស់គ្នា អាចសួរម្ចាស់ជំនួយនោះបាន ជាពិសេសគឺជំទាវ កែវ សួន សុភី ស សុខា ដែលគាត់បានចូលរួមចំនួន ១៨០០ដុល្លារ ខ្ញុំបានបាញ់ជូនទៅគាត់វិញចំនួន ១០០០ដុល្លារ។

លោក យិន វ៉ាយ បន្ថែមថា សម្រាប់ខ្ញុំធ្វើកិច្ចការសប្បុរសធម៌ វាតែងតែមានការចោទប្រកាន់ពីមហាជនដោយប្រការយ៉ាងនេះយ៉ាងនោះ។ ដោយឃើញទឹកប្រាក់ច្រើន អីអញ្ចឹងទៅ ក៏គិតមិនល្អទៅលើអ្នកធ្វើកិច្ចការងារសប្បុរសធម៌ហ្នឹង។ វា តែងតែមាន ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំឈរទៅលើភាពត្រឹមត្រូវ។ ខ្ញុំគប្បីជាមួយនិងមនសិកា របស់ខ្ញុំ ខ្ញុំដេកលក់ស្រួល ខ្ញុំក្រ ឪពុកម្ដាយខ្ញុំក្រ បងប្អូនខ្ញុំក្រ ខ្ញុំជួយគេដោយមិនរំពឹងចង់បានការតបស្នង ឬក៏ចង់បានផលប្រយោជន៍ពីការជួយអ្នកដទៃវិញទេ។ បើសិនជាខ្ញុំមានគំនិតទុច្ចរិត មានគំនិតមិនល្អ លុយដែលខ្ញុំអង្គាសបាន ខ្ញុំចេះកិបកេងអញ្ចឹង គឺ ខ្ញុំមានបាត់ទៅហើយ ប៉ុន្តែសព្វថ្ងៃនេះគឺខ្ញុំអត់មានអីទេ។ ហើយខ្ញុំផ្ដាំផ្ញើទៅដល់មហាជនទាំងអស់ ដែលបានឃើញការបង្ហោះរបស់បុគ្គលមួយចំនួន ដែលវាយប្រហារខ្ញុំគិតថាខ្ញុំយ៉ាងនេះយ៉ាងនោះ សូមមហាជនកុំឱ្យអគតិ ទាល់តែយើងស្ដាប់សងខាងសិន រឿងដំណើររឿងសិន ពីព្រោះអីរឿងខ្លះយើងមិនអាចស្ដាប់តែម្ខាងបានទេ។ ទាល់តែយើងស្ដាប់ទាំងអស់គ្នា ហើយរឿងលោកប្អូន ទុន ចត្រា នេះ គឺរឿងហ្នឹងខ្ញុំបានបញ្ចប់ត្រង់ថា ខ្ញុំបានប្រគល់ប្រាក់ ប្រគល់អីទៅធ្វើកិច្ចសន្យាជាមួយគណៈសង្ឃ ដើម្បីបញ្ចប់រឿងហ្នឹងទាំងអស់ហ្នឹង។ ហើយរឿងប្រាក់ហ្នឹងខ្ញុំនៅតែទទួលស្គាល់ថា ប្រាក់ហ្នឹងខ្ញុំជាអ្នកទុកដាក់ ប៉ុន្តែបើយើងអនុវត្តទៅតាមកិច្ចសន្យាគឺខ្ញុំមិនត្រូវប្រគល់ឱ្យទេប្រាក់ហ្នឹងនោះ។ ដោយសារតែព្រះអង្គ ទុន ចត្រា និង អាត់ រិទ្ធី ហ្នឹងប្រើប្រាស់ហ្នឹងវាខុសគោលដៅ អញ្ចឹងទើបខ្ញុំមិនទាន់ប្រគល់ឱ្យ ហើយអីអញ្ចឹងទៅ គេចេញឱ្យសិន ហើយយើងនឹងឱ្យទៅតាមក្រោយ។

ហើយគណៈសង្ឃនាយកនឹងបើកការស៊ើបអង្កេត ទាក់ទងនឹងប្រាក់ដែលព្រះអង្គ ទុន ចត្រា ប្រើប្រាស់ក្នុងការព្យាបាលហ្នឹង តើប្រើប្រាស់ទៅលើការព្យាបាលអ្វីខ្លះ សង្គ្រោះបន្ទាន់ឬយ៉ាងណា គេនឹងបើកការស៊ើបអង្កេត និងបង្កើតគណៈកម្មការគ្រប់គ្រងប្រាក់នៅឥណ្ឌា ហ្នឹង ដើម្បីឱ្យមានតម្លាភាពក្នុងការចាត់ចែង។ ឯសម្រាប់ខ្ញុំបាទ ពេលនេះខ្ញុំបាទចប់សព្វគ្រប់ហើយ ព្រោះអីខ្ញុំបាទបានលាងភាពស្អាតស្អំរបស់ខ្ញុំបាទហើយ អត់មានអីទៅពាក់ព័ន្ធជាមួយនឹងប្រាក់ទាំងអស់ហ្នឹងទៀតទេ។ ហើយខ្ញុំបាទសឹកមកនេះ ក៏ខ្ញុំបាទមិនបានដោយសារបង្ខិតបង្ខំអីដែរ គឺ ដោយសារការស្ម័គ្រចិត្តរបស់ខ្ញុំបាទ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា រក្សាតម្លៃការសាងភ្នួសរបស់ខ្ញុំរយៈពេលជិត ២០ឆ្នាំនេះ។

VIDEO

Leave a Reply

Your email address will not be published. Required fields are marked *