ប៉ូគឹមថេង សុតធីតា ពោលពាក្យបែបនេះ ទៅ អតីត Miss Grand International 2021 វៀតណាម ត្រូវប៉ូលិសចោទប្រកាន់….
បវរកញ្ញា Miss Grand International 2021 ជនជាតិវៀតណាម ង្វៀន ថុក ធុយទៀន (Nguyen Thuc Thuy Tien) ត្រូវបានទីភ្នាក់ងារប៉ូលិសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈវៀតណាម ធ្វើការចោទប្រកាន់ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងករណីបោកប្រាស់អតិថិជនលើផលិតផលស្ករគ្រាប់ «ខេរ៉ា» (Kera)។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកគាំទ្រវិស័យបវរកញ្ញា។
ឆ្លើយតបទៅនឹងដំណឹងនេះ អតីតបវរកញ្ញាកម្ពុជា ប៊ូ គឹមថេង សុទ្ធិដា ដែលធ្លាប់ជាមិត្តភក្តិរួមជំនាន់ និងបានចូលរួមប្រកួតជាមួយ ធុយទៀន ក្នុងកម្មវិធី Miss Grand International 2021 ដែរនោះ បានចែករំលែកព័ត៌មានអំពីការចោទប្រកាន់នេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាង។ នៅក្នុងការបង្ហោះនោះ សុទ្ធិដា បានភ្ជាប់ជាមួយនូវសារជូនពរពីចម្ងាយ ដោយសរសេរថា៖ «សូមជូនពរពីចម្ងាយ សង្ឃឹមថាគ្រប់យ៉ាងនឹងទទួលបានភាពល្អប្រសើរឡើងវិញ»។
មិនត្រឹមតែប៉ុណ្ណោះ នៅក្រោមការបង្ហោះដដែល សុទ្ធិដា ក៏បានបញ្ចេញមតិបន្ថែម ដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រម្នាក់ ដោយនាងបានលើកឡើងថា៖ «គេធ្វើមិនល្អជារឿងរបស់គេ តែការនិយាយស្ដីពាក្យល្អៗ និងមានធម៌ក្នុងខ្លួន ជាសីលធម៌របស់យើង»។
គួរបញ្ជាក់ថា ង្វៀន ថុក ធុយទៀន គឺជាម្ចាស់មកុដ Miss Grand International ឆ្នាំ២០២១ ហើយការចោទប្រកាន់មកលើរូបនាង និងមនុស្ស៤នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីបោកប្រាស់តាមរយៈផលិតផលស្ករគ្រាប់ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរវៀតណាម។