តើពួកគាត់មានកំហុសអ្វី? ប្ដីប្រពន្ធវ័យជាង ៨០ ឆ្នាំ ត្រូវបុរសកំណាចម្នាក់ កាប់ប្រហារ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ យ៉ាងអណោចអធម៌។
លោកយាយ លោកតាពីរនាក់ប្ដីប្រពន្ធ ត្រូវ បានបុរសម្នាក់ ដែលជាអ្នកជិតខាង ចូលទៅកាប់ដល់ ក្នុងផ្ទះយ៉ាងសាហាវព្រៃផ្សៃ ដោយសារតែរឿងគំនុំ ឈ្លោះគ្នា ញឹកញាប់ ដ៏ងពេក។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ០២:៣០ នាទីរសៀល ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ នៅផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិថ្មីឃុំ ពាមមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង។
ជនរងគ្រោះ ដែលបាត់បង់ជីវិត ទី១ ឈ្មោះ ជែម យ៉ុន ភេទប្រុស អាយុ ៨៣ ឆ្នាំ ត្រូវជាប្ដី ស្លាប់ នៅនឹងកន្លែង។ ទី២ ឈ្មោះ ទេស ផល ភេន ភេទស្រី អាយុ ៧៦ ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូន ដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យ មានឈ្មោះ ប៊ីន សុធី ភេទប្រុស អាយុ ៣៥ ឆ្នាំ មានផ្ទះ នៅជាប់ នឹងផ្ទះជនរងគ្រោះ។
សមត្ថកិច្ច បានឲ្យដឹងថា តាមការសាកសួរ ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនល្មើស និងជនរងគ្រោះ ជាអ្នកជិតខាង ហើយធ្លាប់ឈ្លោះគ្នា ច្រើនដង មកហើយ ប៉ុន្តែមិនដែល ឈានដល់ការប្រើប្រាស់អំពើហិង្សា នោះទេ។ ប្រភពដដែលបន្តថា មុនពេលកើតហេតុ យាយតាពីរនាក់ប្ដីប្រពន្ធ កំពុងនៅក្នុងផ្ទះសុខៗ មិនបានឈ្លោះប្រកែក អ្វីជាមួយជនបង្កហេតុ នោះទេ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច សុខៗស្រាប់តែ ជនបង្ក ទាញកាំបិតពូថៅ ពីផ្ទះរបស់ខ្លួន ចូលទៅកាប់ សន្ធប់ លើ យាយតា នៅក្នុងផ្ទះ បណ្ដាលឲ្យ ត្រូវលោកតា មួយកាំបិត ចំកញ្ចឹងក ប្រកាច់ស្លាប់ ភ្លាមៗនៅនឹងកន្លែង។
ចំណែកលោកយាយ ត្រូវជនបង្ក កាប់ មួយកាំបិត ចំកណ្ដាលក្បាល ដួលប្រកាច់ នៅលើដី ភ្លាមៗនោះ អ្នកស្រុកជិតខាងបានឃើញ ហេតុការណ៍ ស្រែកឆោឡោឡើង ធ្វើឲ្យជនបង្កភ័យ ក៏រត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះ លោកតាមេភូមិ បានទូរស័ព្ទ ប្ដឹងទៅកម្លាំងនគរបាលស្រុក ចេញ អន្តរាគមន៍ ស្ទាក់ចាប់ជនបង្កហេតុ បានភ្លាមៗ នៅតាម ដងផ្លូវ ហើយក៏បញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកពាមរ៉ូតែម្ដង។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ លោកយាយរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកយាយក៏បានស្លាប់បាត់បង់ជីវិត ទើបត្រូវបញ្ជូន ត្រឡប់ទៅផ្ទះវិញ ប្រគល់ឲ្យសាច់ញាតិ រៀបចំ ធ្វើបុណ្យទាំងពីរនាក់យាយតា។ ដោយឡែក ជនបង្ក សមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការ ទៅតាម នីតិវិធី។