ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា កាលពីពេលថ្មីៗនេះ បានចេញមុខបកស្រាយផ្ទាល់តាមរយៈវីដេអូ Live មួយ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ៗពាក់ព័ន្ធនឹងរឿងរ៉ាវជាមួយ លោកតាសក់ស ភ្នំត្បែង ដែលនាងបានលើកឡើងថា បានធ្វើឱ្យនាង “ដេកលែងលក់” កាលពីពេលកន្លងទៅ។
ក្នុងវីដេអូនោះ តារាចម្រៀងរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖ «ជំងឺខ្លះមិនមែនជាជំងឺដែលថ្នាំពេទ្យអាចព្យាបាលបានទេ វាត្រូវការមានការសមាធិ មានការព្យាបាលដោយគ្រូបាអាចារ្យ គ្រូខ្មែរ គ្រូណាដែលគេចេះមន្តវិជ្ជា បណ្តេញវិញ្ញាណខ្មៅចេញពីក្នុងខ្លួន។ ហើយពេលយើងកំពុងតែរងទុក្ខដោយសភាវៈអាថ៌កំបាំងមកធ្វើបាបយើងហើយ អាអ្នកនៅក្បែរយើង អាប្តីយើងនេះ វាថាយើងឆ្កួត លប់សតិ សតិយើងអត់ល្អ ទៅចាយលុយលើអាគ្រូអ៊ីចឹងៗ។ គាត់ស្រឡាញ់ខ្ញុំ ឬគាត់ស្តាយលុយ ខ្ញុំអត់យល់ទេ បើខ្ញុំជួបដល់បញ្ហាមួយលង់ទឹកហើយ ខ្ញុំត្រូវការជំនួយពីអ្នកណាក៏បានដែរ ទាំងគាត់ (ប្តីខ្ញុំ) អត់មានសមត្ថភាពជួយយើងសោះ»។
មាស សុខសោភា បានបន្តទៀតថា នាងបានទូរស័ព្ទទៅមិត្តភក្តិអស់ហើយ តែរកដំណោះស្រាយមិនបាន រហូតដល់អ្នកដែលបានសង្គ្រោះជីវិតនាងគឺ លោកឪសក់ស ភ្នំត្បែង។ នាងចាត់ទុកនេះជាគុណមួយដែលលោកបានស្រោចស្រង់ជីវិតរបស់នាងឡើងវិញ។
នាងបានសង្កត់ធ្ងន់ថា៖ «ទ្រព្យសម្បត្តិរបស់ខ្ញុំ បើខ្ញុំលក់បាន ខ្ញុំនឹងឱ្យគាត់ទៀត ដោយសារគាត់ជួយជីវិតខ្ញុំ អ៊ីចឹងគឺខ្ញុំជួយគាត់តបស្នងទៅគាត់វិញដោយគ្មានលក្ខខណ្ឌ។ តើខ្ញុំខុសដែរឬ ដែលតបស្នងទៅមនុស្សដែលជួយខ្ញុំពេលលំបាក?»។
ការចេញមុខបកស្រាយផ្ទាល់របស់ មាស សុខសោភា ពេលនេះ គឺដើម្បីបញ្ជាក់អំពីមូលហេតុនៃការសម្រេចចិត្ត និងទង្វើរបស់នាង ពាក់ព័ន្ធនឹង លោកតាសក់ស ភ្នំត្បែង បន្ទាប់ពីមានការចាប់អារម្មណ៍ និងចម្ងល់នានាពីសាធារណជន។