រឿងរ៉ាវជុំវិញជំនឿអបិយជំនឿ និងបារមីកំពុងក្លាយជាប្រធានបទក្ដៅគគុកដែលត្រូវបានគេជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ជាពិសេសក្រោយករណីបែកបាក់នៃជីវិតគូររបស់តារាចម្រៀងដ៏ល្បីឈ្មោះមាស សុខសោភា ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហានេះ។ ភាពល្បីល្បាញរបស់បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជា “តាឥសីបោសសក់ស ភ្នំត្បែង” បានធ្វើឲ្យមានការចាប់អារម្មណ៍និងការពិភាក្សាជាច្រើន។
ទោះបីជាអបិយជំនឿគឺជាផ្នែកមួយនៃអរិយធម៌ និងវប្បធម៌របស់ជាតិសាសន៍នីមួយៗនៅលើពិភពលោកក៏ដោយ ក៏ស្ថានភាពនៅកម្ពុជាបច្ចុប្បន្នហាក់ដូចជាមានភាពជ្រុលបន្តិចហើយ ដោយសារសម្បូរអ្នកដែលតាំងខ្លួនជាអ្នកមានបារមី ឬកម្លាំងអរូបី។ ទន្ទឹមនឹងនេះ ក៏មានអ្នកដែលរងគ្រោះដោយសារតែអបិយជំនឿកាន់តែច្រើនផងដែរ ទាំងរាស្ត្រ អ្នកក្រីក្រ អ្នកមាន ក៏ដូចជាមន្ត្រីរាជការ។
ជាក់ស្ដែង ការបែកបាក់នៃជីវិតគូស្នេហ៍របស់តារាចម្រៀង មាស សុខសោភា និងស្វាមីដែលគេស្គាល់ថា លោក អ៊ិត រ៉ាដា ដែលមានអាយុកាលប្រមាណជិត ១៨ឆ្នាំ (ចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥) ត្រូវបានគេចែកចាយថាបានឈានដល់ទីបញ្ចប់ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងរឿងអបិយជំនឿនេះឯង។ រឿងនេះកំពុងតែជជែកគ្នាឡើងវល់នៅលើបណ្ដាញសង្គម។ លោក អ៊ិត រ៉ាដា បានសម្រេចចិត្តដើរចេញពីតំណែងអគ្គនាយកផលិតកម្មហង្សមាស ហើយបានលើកឡើងថាបញ្ហាគឺដោយសារតែតារាចម្រៀង មាស សុខសោភា ជឿលើបុរសម្នាក់ដែលអះអាងថារូបគេគឺជាតាឥសីបោសសក់ស ភ្នំត្បែង។ តារាចម្រៀងរូបនេះត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់រហូតដល់ទៅ ២០ម៉ឺនដុល្លារទៅលើតាបោសសក់សរូបនោះថែមទៀតផង។
ក្រោយមក តារាចម្រៀងមាស សុខសោភា ក៏បានចេញមុខបកស្រាយមកវិញថា លុយដែលនាងចាយគឺ ជាសិទ្ធិរបស់នាង ព្រោះជាលុយដែលនាងខំច្រៀងរក ហើយក៏បានលើកឡើងថាលោក អ៊ិត រ៉ាដា បានរស់នៅដោយសារតែនាងច្រើនឆ្នាំមកហើយ។ នាងមិនបានបកស្រាយស៊ីជម្រៅទៅលើមូលហេតុពិតប្រាកដនៃរឿងបែកបាក់នោះទេ ដោយគ្រាន់តែបញ្ជាក់ថាមានរឿងស៊ីជម្រៅផ្សេងទៀត។
អ្វីដែលយើងចង់និយាយពិភាក្សានៅពេលនេះ គឺពាក់ព័ន្ធនឹងបញ្ហាអបិយជំនឿ និងផលប៉ះពាល់របស់វានៅក្នុងបណ្ដាញសង្គមកម្ពុជា។ ក្រៅពីនាង មាស សុខសោភា នៅ ក្នុងសង្គមកម្ពុជា ក៏នៅមានអ្នកដែលមានជំនឿអបិយជំនឿ ជំនឿជឿអ្នកសាច់ឆាំង ជឿលើបារមីនេះជាច្រើនទៀត ដោយអ្នកដែលគេជឿ គេការពារជំនឿ និងការពារការគិតរបស់គេ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានអ្នកដែលរិះគន់ខ្លះៗផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាអបិយជំនឿ ក៏ដូចជាបារមីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយខ្លីថា៖ “រាស្ត្រក៏ជឿរឿងបារមី មន្ត្រីក៏ជឿរឿងបារមី អ្នកក្រក៏ជឿរឿងបារមី គូដណ្តឹងសេដ្ឋីក៏ជឿរឿងបារមី, ដូច្នេះបារមីជាការកាក់បាំងក្នុងសង្គមយើងបច្ចុប្បន្ន!”។ លោកបណ្ឌិតមិនបានវិភាគស៊ីជម្រៅអ្វីឡើយ ដោយគ្រាន់តែបង្ហោះសារខ្លីបែបនេះ។
ជាទូទៅ អ្នកដែលមានជំនឿលើសភាវៈក្រៅខ្លួន គឺបណ្ដាលមកពីការបាត់បង់នូវជំនឿលើខ្លួនឯង។ តាមវប្បធម៌ខ្មែរ អបិយជំនឿក៏មិនជាអាក្រក់ដែរ ពោលគឺថាអាក្រក់ឬល្អ វាអាស្រ័យទៅលើអន្តរកម្មនៃបុគ្គលដែលប្រព្រឹត្ត ឬអ្នកដែលតាំងខ្លួនគឺជាអ្នកមានបារមី និងអ្នកដែលជឿ។ អ្នកដែលតាំងខ្លួនជាអ្នកមានបារមីនោះ ប្រសិនបើគេគឺជាតាបស ជាប្រត្យាចារ្យ ជាបុគ្គលដែលមានសច្ចៈដើម្បីកុសល និងចម្លងមនុស្ស ដើម្បីអំពើល្អ គឺគេអាចដំរែដំរង់ អ្នកដែលជាមនុស្សពុទ្ធជ
ជនដែលជឿ ឲ្យក្លាហាន និងខំប្រឹងប្រែង ក៏ដូចជាពុះពារ និងតស៊ូគ្រប់បែបយ៉ាង ដើម្បីឈានទៅសម្រេចជោគជ័យ។ ប៉ុន្តែ បុគ្គលនោះ បើជាជនអាក្រក់ គិតអំពីផលប្រយោជន៍ ក៏ព្យាយាមបញ្ចុះបញ្ចូល អន្តុង ដំរែដំរង់ រកប្រយោជន៍តាមបំណងដែលខ្លួនចង់បាន។
នៅក្នុងស្ថានភាពបែបនេះ យើងគ្រប់គ្នា ក្នុងនាមជាមនុស្សពុទ្ធជ
ជន គូតែប្រើសតិបញ្ញា និងចំណេះដែលបានមកពីការរៀនសូត្រ មកថ្លឹង មកថ្លែងវិភាគឲ្យគ្រប់មុននឹងសម្រេច។ កុំចេះតែជឿស្លុងតាមសម្ដីរបស់បុគ្គលដែលតាំងខ្លួនជាអ្នកមានបារមីទាំងនោះទាំងអស់។ កន្លែងណាជឿបានក៏ជឿទៅ ហើយប្រែក្លាយជាការជឿនោះទៅជាការខំប្រឹងរៀន ខំប្រឹងរក ខំប្រឹងអនុវត្ត ដោយផ្សារភ្ជាប់នឹងសីលធម៌ និងច្បាប់សង្គមផងដែរ។ កុំជឿដោយល្ងិតល្ងង់។ ករណីដែលជឿបែបនោះ វាជាបច្ច័យមួយដែលអាចនាំមកនូវសេចក្ដីអន្តរាយ វិនាសដល់ខ្លួនបាន។