វីវរហើយ!! ឈ្មួញវៀតណាមនាំទុរេនពីប្រទេសវៀតណាម ឆ្លងដែនយកមកលក់ឲ្យឈ្មួញខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍…(មានវីដេអូ)

ចេះតែឆ្ងល់ តម្លៃធូរ៉េននៅទីតាំងមួយចំនួន អីក៏ធូរថ្លៃម្ល៉េះ ដល់ពេលមានការទម្លាយទើបដឹងថា យោងតាមប្រភពពីសារព័ត៌មានកោះសន្តិភាព បានធ្វើការចុះផ្សាយថា ឈ្មួញវៀតណាមបាននាំធូរ៉េនពីប្រទេសវៀតណាម ឆ្លងដែនយ៉ាងគំហុក មកលក់ឲ្យឈ្មួញខ្មែរ នៅចំណុចសូន្យនៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ ក្នុងមួយថ្ងៃៗរាប់សិបឡាន ដូចគេហែរកឋិន ដោយតម្លៃធូរ៉េនវៀតណាមធ្លាក់តម្លៃយ៉ាងខ្លាំងគឺនៅក្នុង១គីឡូក្រាម ៥០០០រៀលតែប៉ុណ្ណោះ។

ការនាំធូរ៉េនពីប្រទេសវៀតណាមដ៏ជំរោងជំរាស់ ដោយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ ស្នើសុំឲ្យខាងវៀតណាមផ្អាកការនាំចូលធូរ៉េនមកប្រទេសកម្ពុជារយៈពេល១០ថ្ងៃ ដើម្បីសូមគោលការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឬ ក.ប.ប.ខេត្ត ឲ្យចុះត្រួតពិនិត្យគុណភាព និងអនាម័យលើផ្លែធូរ៉េន ដែលជាផលិតផលរបស់ប្រទេសវៀតណាមដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំធូរ៉េនពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានាក្នុងរដ្ឋបាលខេត្តស្វាយរៀង។

ក៏ប៉ុន្តែ លោកមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ បានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំធូរ៉េនចូល ដោយខ្លាចបាត់ចំណូលពន្ធ ម្យ៉ាងទៀតខ្លាចភាគីវៀតណាមបិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយ នាំស្រូវ នាំដំឡូងទៅកាន់ប្រទេសវៀតណាមវិញ។ ករណីនេះដែរ លោកប៉ែន ចន្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងដែរថាមន្ទីរកសិកម្មគ្មានសិទ្ធិនៅក្នុងការដាក់មន្ត្រី ចុះទៅធ្វើការនៅតាមបណ្ដាច្រកទ្វារព្រំដែនពិនិត្យគុណភាព ឬ ភោគាមអនាម័យនៅតាមព្រំដែនទេ គឺមានតែផ្នែកចត្តាឡីស័កបាញ់ថ្នាំអនាម័យគង់រថយន្តទេ។

ចំណែកឯ លោកហ៊ាន តារា ប្រធានសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.ខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានថាក.ប.ប.ខេត្តស្វាយរៀងពុំមានភារកិច្ចចុះទៅត្រួតពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែនទេ ដោយសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិមុនបានបញ្ចប់ភារកិច្ច ក.ប.ប មានភារកិច្ចចុះពិនិត្យគុណភាពទំនិញដាក់លក់នៅក្នុងទីផ្សារប៉ុណ្ណោះ។

ទោះបីជាមានការជំរោងជំរាស់ក៏ដោយ ការបើកឲ្យឈ្មួញវៀតណាមនាំផ្លែធូរ៉េនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ នេះ គឺចាប់តាំងតែពីម៉ោង ៧:០០នាទីព្រឹកដល់វេលាម៉ោង២:០០នាទីរសៀលនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៣នេះ ចំពោះធូរ៉េននាំចូលពីប្រទេសវៀតណាមនេះ ឈ្មួញបានដឹកតាមរយៈរថយន្ត Pickup និងរថយន្តទេសចរណ៍យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀង និងដឹកទៅកាន់ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងទៅកាន់រាជធានីភ្នំពេញ។

VIDEO

Leave a Reply

Your email address will not be published. Required fields are marked *