គួរឲ្យអាណិត! តារាជើងចាស់ម្នាក់ ខ្វះខាតដល់ថ្នាក់សុំលុយ ១០ ម៉ឺនរៀលពីជំទាវ ចន ច័ន្ទលក្ខិណា ទិញថ្នាំពេទ្យ

ថ្មីៗនេះ ករណីដ៏កម្រមួយបានកើតឡើងនៅក្នុងសង្គមសិល្បៈកម្ពុជា ដោយអតីតតារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប គឺលោក ចាន់រិទ្ធ មេធានី បានធ្វើការទាក់ទងទៅសុំជំនួយពីលោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងជើងចាស់ដូចគ្នា។ ហេតុការណ៍នេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះនូវវីដេអូបង្ហាញពីសារឆ្លងឆ្លើយរវាងអ្នកទាំងពីរ។

តាមរយៈវីដេអូដែលបានបង្ហោះ លោក ចាន់រិទ្ធ មេធានី បានផ្ញើសារជាសំឡេងតាមរយៈកម្មវិធី Telegram ទៅកាន់លោកជំទាវ ចន ច័ន្ទលក្ខិណា ដោយបានហៅលោកជំទាវថា “អ្នកម្តាយ” និងបានស្នើសុំជំនួយជាទឹកប្រាក់ចំនួន ១០ ម៉ឺនរៀល (ប្រមាណ ២៥ ដុល្លារអាមេរិក)។ ទឹកប្រាក់នេះ គឺដើម្បីយកទៅទិញថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ដែលជាជំងឺប្រចាំកាយរបស់លោក។ ក្នុងសារនោះ លោកក៏បានបញ្ជាក់ផងដែរថា លោកពិតជាកំពុងខ្វះខាតប្រាក់កាសនៅពេលនេះ។

ពាក់ព័ន្ធនឹងការស្នើសុំជំនួយនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា បានសម្តែងនូវក្តីអាណិតអាសូរចំពោះអតីតមិត្តរួមអាជីពរបស់ខ្លួន។

លោកជំទាវបានសរសេរភ្ជាប់ជាមួយការបង្ហោះវីដេអូនោះថា លោកមានអារម្មណ៍មិនល្អទេនៅពេលលោក ចាន់រិទ្ធ មេធានី ហៅគាត់ថា “អ្នកម្តាយ” បែបនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានបញ្ជាក់ថា ខ្លួននឹងជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែបច្ចុប្បន្ននេះ លោកជំទាវផ្ទាល់ក៏ត្រូវប្រឹងប្រែងរកស៊ីដើម្បីជីវភាពផ្ទាល់ខ្លួនផងដែរ មិនអាចជួយអ្នកដទៃរហូតដល់ភ្លេចខ្លួនឯងដូចកាលពីមុនបានទេ។ លោកជំទាវក៏បានជូនពរឱ្យលោក ចាន់រិទ្ធ មេធានី ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អឡើងវិញ។

គួររំលឹកថា លោក ចាន់រិទ្ធ មេធានី គឺជាតារាសម្តែងប្រុសដ៏ល្បីល្បាញមួយរូបនៅទសវត្សរ៍មុនៗ ដោយធ្លាប់សម្តែងជាមួយតារាល្បីៗជំនាន់គ្នាមួយចំនួនដូចជាលោក ខៃ ប្រសិទ្ធ ជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ហើយបានប្រកបរបរជាអ្នករត់ម៉ូតូឌុប ឬរត់តុកតុកដើម្បីចិញ្ចឹមជីវិត។ ជីវភាពរបស់លោកហាក់មិនសូវធូរធារប៉ុន្មានទេ ស្របពេលដែលលោកក៏មានជំងឺប្រចាំកាយ គឺជំងឺទឹកនោមផ្អែម ដែលទាមទារឱ្យមានការថែទាំសុខភាពនិងចំណាយលើថ្នាំពេទ្យជាប្រចាំ៕

សូមទស្សនាវីដេអូ

Screenshot

Leave a Reply

Your email address will not be published. Required fields are marked *