លោក ខេម បញ្ជាក់ថា រូបលោកពិតជាបានឆ្លងកូវីដ-១៩ មែន ប៉ុន្តែអាការៈ….

បន្ទាប់ពីមានការបារម្ភពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើន ចំពោះស្ថានភាពសុខភាពរបស់តារាចម្រៀងល្បីឈ្មោះ លោក ខេម ពេលនេះ រូបលោកផ្ទាល់បានចេញមុខបញ្ជាក់អំពីការពិតហើយថា រូបលោកពិតជាបានឆ្លងជំងឺកូវីដ-១៩ សារជាថ្មីម្ដងទៀតមែន។

តាមរយៈសារដែលបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្មីៗនេះ លោក ខេម បានថ្លែងអំណរគុណដល់បងប្អូន និងអ្នកគាំទ្រដែលបានបារម្ភពីសុខភាពរបស់លោក។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពរបស់លោកមិនធ្ងន់ធ្ងរដូចការឆ្លងលើកទីមួយនោះទេ ពោលគឺគ្រាន់តែមានអាការៈក្ដៅខ្លួន ហៀរសំបោរ ឈឺក បន្តិចបន្តួច និងឈឺតាមសាច់ដុំប៉ុណ្ណោះ។

លោកបានបន្តថា រូបលោកបានទៅពិនិត្យសុខភាពកាលពីព្រឹកមិញនៅមន្ទីរពេទ្យ ខេម៉ា (Khema) ហើយគ្រូពេទ្យបានពិនិត្យឃើញថា លោកបានឆ្លងមេរោគកូវីដ-១៩ យ៉ាងពិតប្រាកដមែន។ ទោះជាយ៉ាងណា លោកមិនបានសួរបញ្ជាក់ថា លោកកើតប្រភេទអ្វីនោះទេ។

លោក ខេម បានសង្កត់ធ្ងន់ថា ការបង្ហោះសារនេះ គឺលោកមិនមានបំណងបង្កការភ័យខ្លាចដល់បងប្អូន ឬភូតកុហកឡើយ។ លោកបានអំពាវនាវដល់សាធារណជនឱ្យបន្តប្រកបការងារជាធម្មតា ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឱ្យឆ្លងមេរោគ ហើយសូមកុំឱ្យយល់ច្រឡំថា ជំងឺកូវីដ គឺជំងឺកូវីដ រីឯផ្ដាសាយ គឺផ្ដាសាយ ព្រោះមនុស្សមិនតិចជាងរាប់លាននាក់នោះទេ ដែលបានរងគ្រោះដោយសារជំងឺនេះ។

សូមជូនពរលោក ខេម ឆាប់ជាសះស្បើយពីជំងឺនេះវិញក្នុងពេលឆាប់ៗ។

Leave a Reply

Your email address will not be published. Required fields are marked *