ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគ្គិភ័យដ៏សោកសៅមួយបានកើតឡើងនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្តាលឱ្យកុមារចំនួន ៣នាក់បងប្អូនបង្កើតបានបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើង។ ករណីអគ្គិភ័យនេះបានកើតឡើងក្នុងអំឡុងពេលមានការបូមប្រេងលក់រវាងអ្នកបើកបររថយន្តដឹកប្រេង និងប្រជាពលរដ្ឋដែលជាអ្នកទិញប្រេង។
ភ្លាមៗបន្ទាប់ពីកើតហេតុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងនេះ។
សមត្ថកិច្ចបានបញ្ជាក់ថា កុមាររងគ្រោះទាំង ៣នាក់គឺជាកូនបង្កើតរបស់ម្ចាស់ផ្ទះដែលជាអ្នកទិញប្រេង។ ហេតុការណ៍នេះត្រូវបានចាត់ទុកថាជាសោកនាដកម្មដ៏តន្ធត់មួយសម្រាប់ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវមូលហេតុពេញលេញដែលបណ្តាលឱ្យមានអគ្គិភ័យឆក់យកអាយុជីវិតកុមារទាំងបីនាក់នេះ។