ហួសចិត្ត!! លោក ផែង វណ្ណៈ លើកឡើងករណីហួសហេតុនៅប៉ៃលិន ម៉ូតូបុកតាក់ស៊ី បែរជាប្ដឹងម្ចាស់តាក់ស៊ីទាមទារដាក់គុក

ខេត្តប៉ៃលិនៈ លោក ផែង វណ្ណៈ អគ្គនាយកសារព័ត៌មាន PNN និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមម្នាក់ បានសម្តែងការហួសចិត្ត និងបានប្រាប់សមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ដល់ម្ចាស់រថយន្តតាក់ស៊ីម្នាក់ ដែលរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តប៉ៃលិន។ ការលើកឡើងនេះត្រូវបានលោកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះ។
យោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ ករណីនេះបានកើតឡើងនៅខេត្តប៉ៃលិន ដោយមានម៉ូតូមួយគ្រឿងបានបុកនឹងរថយន្តតាក់ស៊ី។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺភាគីខាងម៉ូតូបានប្ដឹងទាមទារសំណង ហើយថែមទាំងចង់ប្ដឹងម្ចាស់រថយន្តតាក់ស៊ីឱ្យជាប់ពន្ធនាគារទៀតផង។

លោក ផែង វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «រឿងជិះម៉ូតូចូលឡានតាក់ស៊ី ហេីយប្ដឹងម្ចាស់រថយន្តតាក់ស៊ីទៀត ដូចជាហួសហេតុពេកហើយ ។ ករណីនេះឮថាកេីតឡេីងនៅខេត្ត ប៉ៃលិន ។ សូមសមត្ថកិច្ច មេត្តាជួយរកយុត្តិធម៌អោយម្ចាស់រថយន្តតាក់ស៊ីផង ។ ម្ចាស់តាក់ស៊ីអាណិត ខំជួយចូលបុណ្យ ១០០០ ដុល្លារ ហើយ ចង់ប្ដឹងចាប់ម្ចាស់តាក់ស៊ីដាក់គុកទៀត ?»។
តាមរយៈសំណេរនេះ លោក ផែង វណ្ណៈ បានគូសបញ្ជាក់ថា ម្ចាស់រថយន្តតាក់ស៊ីបានបង្ហាញការអាណិតអាសូរដោយបានជួយថ្លៃបុណ្យទៅភាគីខាងម៉ូតូចំនួន ១០០០ ដុល្លាររួចហើយ ប៉ុន្តែបែរជាត្រូវបានប្ដឹងទាមទារសំណង និងឈានដល់ការចង់ប្ដឹងឱ្យចាប់ខ្លួនដាក់ពន្ធនាគារថែមទៀត។

លោក ផែង វណ្ណៈ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនៅខេត្តប៉ៃលិន មេត្តាជួយត្រួតពិនិត្យ និងរកយុត្តិធម៌សម្រាប់ម្ចាស់រថយន្តតាក់ស៊ីក្នុងករណីនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *