ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមាននារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអគារបណ្ដាលឱ្យស្លាប់ភ្លាមៗ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សែត សុជាតៈ កើតឆ្នាំ២០០៣ មានស្រុកកំណើតនៅភូមិព្រៃស្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មាន និងសារសម្លេងដែលសង្ស័យថាជារបស់ជនរងគ្រោះបានផ្ញើទៅអ្នកស្គាល់គ្នាមុនពេលកើតហេតុ នាងបានបង្ហាញពីភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែបញ្ហាជីវិតជាច្រើន រួមមានការលង់ខ្លួនលេងល្បែងស៊ីសងអស់ប្រាក់ចំនួន ៤០០០ដុល្លារក្នុងមួយយប់ និងបញ្ហាទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសជនជាតិចិនដែលបានប្រាប់ថាមិនយូរប៉ុន្មានប្រពន្ធរបស់គេនឹងមកប្រទេសកម្ពុជា។ កត្តាទាំងនេះហើយ ទំនងជាបានជំរុញឱ្យនាងសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតរបស់ខ្លួនតាមរបៀបដ៏រន្ធត់នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមមាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្តរាគមន៍ និងហ៊ុមព័ទ្ធទីតាំងកើតហេតុ រង់ចាំក្រុមជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និងស្រាវជ្រាវបន្តតាមនីតិវិធី។
ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក និងអ្នកដែលបានដឹងរឿងរ៉ាវពីមូលហេតុនៃការសម្រេចចិត្តរបស់នារីរងគ្រោះ៕
សូមទស្សនាវីដេអូ៖