មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់កាលពីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ពាក់ព័ន្ធនឹងករណីភរិយាដើម ប្រើហិង្សាទៅកាន់ស្រីកំណាន់របស់ស្វាមី។
ក្នុងនោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ និង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនបង្កបានប្រើដំបងមូល, ប្រើដៃ និង បើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែង និង ខូចខាតរថយន្តមុខក្រោយទាំងស្រុង។ រីឯជនសង្ស័យជាបក្ខពួក ១ នាក់ទៀត ភេទប្រុស បានគេចខ្លួនបាត់។
តាមព័ត៌មានដែលទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្រ្តី ២ នាក់នោះ គឺក្នុងករណីហិង្សាដោយចេតនាដោយស្ថានទម្ងន់ទោស។ ដោយឡែក បច្ចុប្បន្ននេះជនសង្ស័យទាំង ២ នាក់ខាងលើ បាន និង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី។
ក្នុងករណីហិង្សានេះ បានធ្វើឱ្យផ្អើលឆោឡោទាំងយប់នេះ កើតចេញពីភ្លើងស្នេហាត្រីកោណ ដោយមុនឈានដល់កើតហេតុការណ៍នេះ ភាគីជនសង្ស័យគឺជាប្រពន្ធដើម បានបញ្ជាក់ក្នុងវីដេអូលើហ្វេសប៊ុកថា ស្រ្តីឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់ខ្លួន ដើម្បីទាក់ទងគ្នា លុះមកដល់ថ្ងៃកើតហេតុនារីខាងលើមកគោះទ្វារផ្ទះដើម្បីរកប្តីរបស់ខ្លួន ទើបធ្វើឱ្យខ្លួនខឹងសម្បា ហើយបបួលបងប្អូននាំគ្នាព្រួតដេញវាយតែម្តង។
យ៉ាងណាមិញ ជុំវិញករណីខាងលើត្រូវបានមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានចេញមកបញ្ចេញការវែកញែករៀងៗខ្លួន ដោយក្នុងនោះ ក៏ឃើញជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហាញមតិរបស់ខ្លួនជាបន្តបន្ទាប់ពី ច្បាប់ឯកពន្ធភាព អនុវត្តន៍លើស្រីយកប្តីគេផង ដើម្បីឱ្យអេតាស៊ីវិលមានតម្លាភាព។

លើសពីនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានចេញមកជាថ្មីម្តងទៀត ដោយលោកជំទាវមិនចង់ឃើញមានអំពើហិង្សានោះឡើយ ប៉ុន្តែក៏ត្រូវតែស្វែងរកយុត្តិធម៌ឱ្យប្រពន្ធដើមដែរ ខណៈដូចពាក្យចាស់ពោលថា មានភ្លើង ទើបមានផ្សែង។
ដោយឡែក ខណៈរឿងមួយនេះនៅតែជាទីចាប់អារម្មណ៍ពីមហាជននៅឡើយ ស្រាប់តែជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកជំទាវរៀបរាប់ថា៖ «អាណិតជនរងគ្រោះណាស់ដែលកន្លងមកទទួលបានកាដូជិត 50 ដុំហើយ តែមិនស្កប់ចង់បាន 10 ដុំថែម ដល់គេលែងឱ្យស្រែករកយុត្តិធម៌តែម្តង»។ លើសពីនោះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះរូបភាពលិខិតកិច្ចសន្យា ដែលស្រីកំណាន់ធ្លាប់បានធ្វើបញ្ចប់ទំនាក់ទំនងជាមួយភាគីប្ដី កាលពីអំឡុងឆ្នាំ ២០២១ ទៀតផង៕