ក្រោយបែកធ្លាយសារសំឡេង នារីរងគ្រោះធ្វើអត្តឃាតលោតពីលើអគារព្រីនផ្លាហ្សា អធិការខណ្ឌចំការមនបញ្ជាក់ថា…..(មានវីដេអូ)

ភ្នំពេញ៖ យុវតីម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើអគារជាន់ទី៦ នៃមជ្ឈមណ្ឌលព្រីនផ្លាហ្សា (Prince Plaza) កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីនេះត្រូវបានលោកអធិការនគរបាលខណ្ឌចំការមនបញ្ជាក់ថា ជាអំពើអត្តឃាតដោយលោតសម្លាប់ខ្លួន។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ហួរ ម៉េងហួន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីមនុស្សធ្លាក់ពីលើអគារ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីបើកការស៊ើបអង្កេត និងសាកសួរព័ត៌មាន។ លោកអធិការបញ្ជាក់ថា ករណីនេះគឺជាអំពើធ្វើអត្តឃាតលោតសម្លាប់ខ្លួន ខណៈមូលហេតុដែលឈានដល់ការបញ្ចប់ជីវិតនេះ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតនៅឡើយ។

ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងដែលអះអាងថា នារីរងគ្រោះបានចាញ់ល្បែងអស់ប្រាក់ ៣ម៉ឺនដុល្លារ លោកអធិការ ហួរ ម៉េងហួន បានបដិសេធថាលោកមិនបានដឹងរឿងនេះទេ ដោយលោកបញ្ជាក់ថា៖ «អត់ដឹងដែរ អត់ដឹងថាសារនោះបែកធ្លាយតាំងពីពេលណាទេ ព្រោះពេលទៅពិនិត្យសាកសព គឺនារីរងគ្រោះគ្មានទូរស័ព្ទប្រើឡើយ។ ដូច្នេះ សារបែកធ្លាយនោះមិនទាន់ដឹងប្រភពច្បាស់លាស់ទេ។ តែករណីលោតសម្លាប់ខ្លួនលើអគារគឺជារឿងពិតហើយ»។

គួរកត់សម្គាល់ថា ក្រោយការស្លាប់របស់យុវតីរងគ្រោះ មានការលេចធ្លាយសារសំឡេងឆ្លើយឆ្លង ដែលគេដឹងថាជារបស់នារីរងគ្រោះ និងដៃគូជនជាតិចិនដែលនាងធ្វើការជាមួយ។ នៅក្នុងសារសំឡេងនោះ នារីរងគ្រោះបានបន្ទោសខ្លួនឯងថា បានលង់ខ្លួននឹងអំពើអបាយមុខ គឺល្បែងស៊ីសង រហូតចាញ់អស់ប្រាក់ប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ជុំវិញការស្លាប់នេះ មិត្តភក្តិ និងបងប្អូនសាច់ញាតិរបស់នារីរងគ្រោះ បានបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំនៅលើបណ្តាញសង្គម។ គណនីហ្វេសប៊ុកមួយឈ្មោះ Ema Cambodia បានសរសេរថា៖ «RIP អូន គ្នាបានស្លាប់បាត់ហើយ ឲ្យគ្នាទៅឲ្យបានសុខផង… យើងមិនមែនគេ យើងមិនដឹងគេជួបរឿងអីខ្លះទេ ជាតិក្រោយកុំឲ្យជួបរឿងអញ្ចឹងទៀតអូន ទៅឲ្យបានសុខណា»។

ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួនលើកឡើងជុំវិញទំនាក់ទំនងជាមួយជនបរទេស និងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានអ្នកខ្លះបញ្ចេញយោបល់ថា គួរចេះទុកដាក់ និងឆ្លៀតឱកាសពេលមានលទ្ធភាព ហើយជៀសវាងការលង់ខ្លួនក្នុងអំពើអបាយមុខដែលអាចនាំឲ្យមានវិប្បដិសារី។

ទោះយ៉ាងណា មូលហេតុពិតប្រាកដដែលនាំឲ្យនារីរងគ្រោះសម្រេចចិត្តធ្វើអត្តឃាតបែបនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ពីសមត្ថកិច្ចនៅឡើយទេ ហើយសាធារណជនកំពុងរង់ចាំការបំភ្លឺបន្ថែមពីអាជ្ញាធរមានសមត្ថកិច្ច។

Leave a Reply

Your email address will not be published. Required fields are marked *