Ninh Thuan ប្រទេសវៀតណាម៖ ពលរដ្ឋនេសាទវៀតណាមម្នាក់បានប្រទះឃើញត្រី Oarfish ប្រវែងជាង ២ ម៉ែត្រ ដែលត្រូវបានគេស្គាល់ថាជា “ត្រីនាំសារគ្រោះរញ្ជួយដី” នៅលើឆ្នេរខ្សាច់ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម។
វីដេអូដែលថតដោយអ្នកនេសាទបានបង្ហាញពីសភាពត្រី Oarfish ដែលកន្ទុយបានបាក់នៅលើច្រាំងសមុទ្រ។ ភ្លាមៗបន្ទាប់ពីរកឃើញត្រីដ៏កម្រនេះ ក្រុមនេសាទបានសម្រេចចិត្តលែងត្រីនោះត្រឡប់ទៅក្នុងសមុទ្រវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក ចូវ ដែលជាអ្នកនេសាទម្នាក់បានរៀបរាប់ថា ត្រី Oarfish នេះមានប្រវែងជិត ២ ម៉ែត្រ ហើយត្រូវបានរកឃើញដោយកន្ទុយរបស់វាបាក់។ លោកបានបន្ថែមទៀតថា នេះជាបាតុភូតដ៏កម្រមួយដែលត្រីប្រភេទនេះអណ្តែតមកច្រាំងក្នុងភូមិ ព្រោះពួកវាជាធម្មតារស់នៅក្នុងសមុទ្រជ្រៅ។
នៅក្នុងវប្បធម៌ប្រជាជនជប៉ុន ត្រី Oarfish ត្រូវបានគេជឿជាក់យ៉ាងមុតមាំថាជាសញ្ញាព្រមានពីគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណាមិ នៅពេលដែលពួកវាលេចឡើងនៅលើឆ្នេរ។ ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់អំពីជំនឿនេះទេ។
Oarfish ជាធម្មតារស់នៅក្នុងជម្រៅទឹកសមុទ្រពី ២០០ ម៉ែត្រ ទៅ ១០០០ ម៉ែត្រ ដែលជាតំបន់ងងឹតដែលពន្លឺព្រះអាទិត្យស្ទើរតែមិនអាចទៅដល់។ គួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ ២០១១ មុនពេលរញ្ជួយដី និងរលកយក្សស៊ូណាមិ Fukushima ក្នុងប្រទេសជប៉ុន ដែលបណ្តាលឱ្យមនុស្សជាង ២ ម៉ឺននាក់ស្លាប់ ត្រី Oarfish ជាច្រើនត្រូវបានគេរាយការណ៍ថាបានបោកបក់មកច្រាំងនៅប្រទេសជប៉ុន ដែលហេតុការណ៍នេះបានជំរុញឱ្យជំនឿលើរឿងព្រេងរបស់ជនជាតិជប៉ុនកាន់តែខ្លាំងឡើងថា Oarfish គឺជាប្រផ្នូលនៃគ្រោះមហន្តរាយធម្មជាតិ។