ភ្នំពេញ៖ មហាជនអ្នកគាំទ្រតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា ប្រាកដជាបានដឹងយ៉ាងច្បាស់អំពីការគោរពស្រឡាញ់ របស់លោកចំពោះព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ មិនត្រឹមតែពេលលោកតានៅរស់រានមានជីវិតប៉ុណ្ណោះទេ ថែមទាំងរហូតដល់ពេលដែលលោកតាបានចែកឋានទៅហើយក៏ដោយ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ វណ្ណដា ក៏បានបង្ហាញការគោរពស្រឡាញ់ដល់ភរិយារបស់លោកតា គឺលោកយាយ តាត ឆេន និងកូនៗរបស់លោកតាផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ក្នុងកម្មវិធីប្រគំតន្ត្រីទោលដ៏ធំ “ត្រីវិស័យ សុវណ្ណភូមិ” វណ្ណដា និងផលិតកម្មបារមី បានអញ្ជើញក្រុមគ្រួសាររបស់លោកតា គង់ ណៃ ឱ្យចូលរួមទស្សនាជាភ្ញៀវកិត្តិយស។ ក្នុងឱកាសនោះ វណ្ណដា បានសម្តែងនៅលើឆាកដោយឧទ្ទិសដល់លោកយាយ តាត ឆេន និងរំឭកដល់គុណូបការៈរបស់លោកតា គង់ ណៃ ផងដែរ។
ក្រោយការប្រគំតន្ត្រីដ៏ជោគជ័យនោះ កូនប្រុសរបស់លោកតា គង់ ណៃ គឺលោក គង់ សម័យ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបង្ហាញពីទឹកចិត្តដ៏ល្អរបស់ វណ្ណដា ចំពោះក្រុមគ្រួសាររបស់លោក។ លោកបានសរសេរថា៖ «ក្នុងនាមខ្ញុំ ត្រូវជាកូនលោកពុក គង់ ណៃ សូមថ្លែងអំណរគុណដល់ប្អូន វណ្ណដា Baramey Production ដែលបានជួយគ្រួរសារខ្ញុំកន្លងមក»។
សារដ៏ខ្លីតែមានអត្ថន័យជ្រាលជ្រៅនេះ បានបង្ហាញយ៉ាងច្បាស់ពីការដឹងគុណ និងការគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ វណ្ណដា និងផលិតកម្មបារមី ចំពោះក្រុមគ្រួសារនៃព្រឹទ្ធាចារ្យ គង់ ណៃ ក្នុងរយៈពេលកន្លងមក ដែលទង្វើនេះពិតជាគួរឱ្យកោតសរសើរ និងជាគំរូល្អក្នុងសង្គមសិល្បៈខ្មែរ។