ភ្ញាក់ផ្អើល! រន្ទះបាញ់ក្បែរក្បួនហាត់សមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថៃ បង្កការភ្ញាក់ផ្អើល

ទីក្រុងបាងកក៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯទីលានហ្លួងព្រះស្រែ មុខព្រះបរមរាជវាំង ក្នុងទីក្រុងបាងកក ប្រទេសថៃ អំឡុងពេលដែលកងកម្លាំងនិងមន្ត្រីពាក់ព័ន្ធកំពុងធ្វើការហាត់សមទ្រង់ទ្រាយធំសម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែឧសភា ខាងមុខ។

ខណៈពេលដែលការហាត់សមរបស់ក្បួនដ៏ធំនេះកំពុងប្រព្រឹត្តទៅក្រោមបរិយាកាសមេឃស្រទុំ ស្រាប់តែមានហេតុការណ៍ដែលមិននឹកស្មានដល់បានកើតឡើង គឺមានផ្គរន្ទះមួយបានបាញ់ចុះយ៉ាងកងរំពង ស្ថិតនៅក្បែរទីតាំងហាត់សមនោះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលរួម ក៏ដូចជាអ្នកឃ្លាំមើលហេតុការណ៍នេះ។

វីដេអូអំពីហេតុការណ៍នេះ ត្រូវបានគេឃើញចែកចាយនៅលើបណ្ដាញសង្គម ជាពិសេសតាមរយៈទំព័រហ្វេសប៊ុកមួយឈ្មោះ Thai Music Division ដែលគេស្គាល់ថាជាទំព័រផ្លូវការរបស់ក្រុមតូរ្យតន្ត្រីដែលចូលរួមក្នុងព្រះរាជពិធីនេះ។ វីដេអូនោះបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពនៃក្បួនហាត់សម ហើយមួយរំពេចនោះ ពន្លឺ និងសំឡេងរន្ទះដ៏គួរឱ្យខ្លាចក៏បានផ្ទុះឡើង ធ្វើឱ្យមនុស្សជាច្រើននៅក្នុងបរិវេណនោះនាំគ្នាស្ទុះគេច និងបង្ហាញការភិតភ័យ។

ភ្លាមៗបន្ទាប់ពីវីដេអូនេះត្រូវបានផ្សព្វផ្សាយ មានមតិយោបល់ជាច្រើនបានផុសឡើងនៅលើបណ្ដាញសង្គម។ មហាជនខ្លះបានសម្តែងក្តីបារម្ភ និងយល់ឃើញថាហេតុការណ៍ផ្គរន្ទះបាញ់នេះអាចជាប្រផ្នូលមិនល្អសម្រាប់ប្រទេស ខណៈដែលអ្នកខ្លះទៀតយល់ថាវាគ្រាន់តែជាបាតុភូតធម្មជាតិប៉ុណ្ណោះ។ យ៉ាងណាមិញ ហេតុការណ៍នេះបានបន្ថែមភាពតានតឹងបន្តិចបន្តួចដល់បរិយាកាសនៃការត្រៀមរៀបចំពិធីដ៏សំខាន់របស់ប្រទេសថៃ។

Leave a Reply

Your email address will not be published. Required fields are marked *