ភ្នំពេញ៖ ក្រោយពីផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើទំនាក់ទំនងរវាងតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង មាស សុខសោភា និង អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែនៅមុននេះបន្តិច លោកតាបានចេញមុខបកស្រាយយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គម ដោយបានច្រានចោលនូវការចោទប្រកាន់ផ្សេងៗពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន។
នៅក្នុងសារបកស្រាយនោះ លោកតា សក់សភ្នំត្បែង បានរៀបរាប់ពីការលះបង់ដ៏ធំធេងរបស់លោក ក្នុងការការពារជាតិមាតុភូមិ រហូតបាត់បង់ដៃស្តាំនៅក្នុងសមរភូមិស្វាយចេក កាលពីឆ្នាំ១៩៨៩។ លោកតាបានសោកស្តាយចំពោះការចោទប្រកាន់មកលើរូបលោក ថាជាចោរលួចម៉ូតូ និងពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្វើឱ្យលោកមានការឈឺចាប់យ៉ាងខ្លាំង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត លោកតាបានចោទសួរដោយភាពមន្ទិលថា តើជនពិការដៃស្តាំអាចបើកម៉ូតូដៃឆ្វេងបានដែរឬទេ ខណៈហ្គែរម៉ូតូស្ថិតនៅខាងស្តាំដៃ។ លោកថែមទាំងលើកឡើងពីភាពមិនសមហេតុផលនៃការចោទប្រកាន់ថា លោកអាចលេងហ្គីតាដោយដៃម្ខាងបាន ខណៈដែលលោកជាជនពិការដៃស្តាំ។
លោកតា សក់សភ្នំត្បែង បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានរត់គេចខ្លួននោះទេ ហើយកំពុងរង់ចាំការកោះហៅពីស្ថាប័នច្បាប់ដើម្បីបំភ្លឺគ្រប់ពេលវេលា។ លោកសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នរដ្ឋដែលមានតួនាទី នឹងជួយស្រាវជ្រាវរកការពិត និងយុត្តិធម៌សម្រាប់រូបលោក។
លោកតាបានបន្ថែមទៀតថា មានបុគ្គលមួយចំនួនបានយករូបថតរបស់លោកកាលពីមុនពេលបួស មកផ្សព្វផ្សាយក្នុងបំណងបំពុលសង្គម និងចោទប្រកាន់លោកថាជាគ្រូអាគមន៍។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកតាបានបញ្ជាក់ថា នៅក្នុងការប្រតិបត្តិធម៌ លោកផ្តោតសំខាន់លើការសមាធិ ដើម្បីឈ្វេងយល់ធម៌តែប៉ុណ្ណោះ ដោយមិនបានសិក្សារៀនសូត្រនូវវិជ្ជាអបិយជំនឿណាមួយឡើយ។
លោកតា សក់សភ្នំត្បែង បានបិទបញ្ចប់សារបកស្រាយរបស់លោកដោយសង្ឃឹមថា អំពើល្អ និងគុណធម៌ នឹងបន្តការពាររូបលោកជានិច្ច។ ករណីនេះនៅតែស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយរង់ចាំមើលថាតើស្ថាប័នពាក់ព័ន្ធនឹងមានចំណាត់ការបែបណាចំពោះបណ្តឹងបកស្រាយរបស់លោកតា សក់សភ្នំត្បែង នេះ។