ស្អាតហើយចិត្តល្អទៀត! អ្នកនាង ឡុង ម៉ានីន ឧបត្ថម្ភថវិកា 500$ នឹងអង្ករ ដល់នាយក្រឹន…(មានវីដេអូ)

ភ្នំពេញ: អ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ អ្នកនាង ឡុង ម៉ានីន ដែលត្រូវបានគេដឹងថាជាគូស្នេហ៍បណ្ដូលចិត្តរបស់តារាចម្រៀង លោក ថុល សុភិទិ បានសម្រេចចិត្តឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ រួមជាមួយអង្ករពីរការុង ជូនទៅដល់តារាកំប្លែង នាយ គ្រិន និងកូនៗរបស់លោក ក្រោយពីរំភើបចិត្តយ៉ាងខ្លាំងនឹងរឿងរ៉ាវតស៊ូក្នុងជីវភាពប្រចាំថ្ងៃ ដែលរៀបរាប់ដោយកូនស្រីពៅរបស់ នាយ គ្រិន ផ្ទាល់ក្នុងកម្មវិធីមួយ។

ការសម្រេចចិត្តផ្តល់ជំនួយនេះបានធ្វើឡើង បន្ទាប់ពីអ្នកនាង ឡុង ម៉ានីន បានទស្សនាវីដេអូកិច្ចសម្ភាសន៍របស់ នាយ គ្រិន និងកូនៗក្នុងកម្មវិធី “ស្រី ហ្វាន់”។ ក្នុងកិច្ចសម្ភាសន៍នោះ អូន បញ្ញា ជាកូនស្រីពៅរបស់ នាយ គ្រិន បានរៀបរាប់យ៉ាងក្បោះក្បាយពីភាពលំបាកដែលក្រុមគ្រួសារបានជួបប្រទះ ដោយពេលខ្លះគ្មានបាយហូប ហើយត្រូវញ៉ាំត្រឹមតែអំបិល ឬបាយទទេជំនួសវិញ។ សម្ដីដ៏ក្មេងខ្ចី និងរឹងមាំនេះ បានធ្វើឱ្យមហាជនជាច្រើន រួមទាំងអ្នកនាង ឡុង ម៉ានីន កើតក្ដីអាណិតអាសូរ និងកោតសរសើរពីភាពឆ្លាតវៃ និងការតស៊ូរបស់កុមារីរូបនេះ។

យោងតាមការបង្ហោះរបស់អ្នកនាង ឡុង ម៉ានីន នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីវីដេអូ និងរូបភាពដែល នាយ គ្រិន រួមជាមួយកូនៗបានមកដល់គេហដ្ឋានរបស់អ្នកនាងផ្ទាល់។ អ្នកនាងបានភ្ជាប់មកជាមួយនូវសារដ៏មានន័យថា “ទឹកចិត្តតិចតួចសម្រាប់លោកពូ គ្រិន និងកូនៗគាត់ ថវិកា ៥០០ដុល្លារ និងអង្ករ ២បាវ”។

គួររំឭកថា នាយ គ្រិន ដែលមានឈ្មោះពិតថា ទេសចរណ៍ ធ្លាប់បានជួបប្រទះនូវឧបសគ្គជីវិតធ្ងន់ធ្ងរ កាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីភរិយាទីពីរបានរត់ចោល និងក្បត់ចិត្ត ដោយបន្សល់ទុកកូនប្រុសស្រីបីនាក់ឱ្យលោកមើលថែតែម្នាក់ឯង។ មុខរបរបើកភោជនីយដ្ឋានក៏ត្រូវខ្ស័យធន និងជាប់បំណុលគេថែមទៀតផង ដែលបង្ខំឱ្យលោកត្រូវនាំកូនៗចាកចេញពីរាជធានីភ្នំពេញទៅរស់នៅស្រុកកំណើតខេត្តបាត់ដំបងមួយរយៈ។

យ៉ាងណាមិញ ក្រោយពេលវិលត្រឡប់មកកាន់ភ្នំពេញវិញ និងបង្ហាញវត្តមានក្នុងវិស័យកំប្លែងជាថ្មី តាំងពីដើមឆ្នាំ ២០២៥មក នាយ គ្រិន ចាប់ផ្ដើមមានការងារធ្វើខ្លះៗ និងរកប្រាក់ចំណូលបានដើម្បីផ្គត់ផ្គង់គ្រួសារ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ កូនៗរបស់លោក ជាពិសេសកូនស្រីពៅ អូន បញ្ញា ក៏បានចូលរួមសម្ដែងជាមួយលោកផងដែរ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកគ្រួសារ។ ទោះបីជាមានការងារធ្វើជាហូរហែរក្ដី ជីវភាពរបស់ នាយ គ្រិន នៅតែមិនទាន់ធូរស្រាលដូចដើមឡើយ ដោយសារបន្ទុកជាច្រើនដែលលោកត្រូវទទួលខុសត្រូវ។

ចំពោះសន្តានចិត្តដ៏ល្អរបស់អ្នកនាង ឡុង ម៉ានីន បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅបញ្ចេញមតិកោតសរសើរយ៉ាងផុសផុល ដោយមានខ្លះបានលើកឡើងថា អ្នកនាង ឡុង ម៉ានីន ជាមនុស្សល្អ មានទឹកចិត្ត ចេះជួយអ្នកដទៃ ហើយជូនពរឱ្យអ្នកនាងកាន់តែរកស៊ីមានបាន។ អ្នកខ្លះទៀតបានណែនាំឱ្យអ្នកនាង ឡុង ម៉ានីន ពិចារណាប្រើប្រាស់ទេពកោសល្យកូនៗរបស់ នាយ គ្រិន ជាពិសេសអូន បញ្ញា ក្នុងការផ្សព្វផ្សាយ ឬ Live លក់ផលិតផលព្រោះក្មេងៗទាំងនេះពូកែ និងមានភាពទាក់ទាញ ដែលអាចជួយឱ្យអាជីវកម្មរបស់អ្នកនាងកាន់តែរីកចម្រើន ស្របពេលដែលវាក៏ជាការជួយដល់ជីវភាពគ្រួសារ នាយ គ្រិន ផងដែរ។

ទឹកចិត្តសប្បុរសធម៌របស់អ្នកនាង ឡុង ម៉ានីន នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការអាណិតស្រលាញ់ចំពោះអ្នករួមជាតិដែលជួបការលំបាក ដែលជាគុណសម្បត្តិដ៏គួរឱ្យគោរព និងជាការគាំទ្រយ៉ាងសំខាន់ដល់សិល្បករជើងចាស់ដែលមានជីវភាពខ្វះខាត៕

VIDEO

Leave a Reply

Your email address will not be published. Required fields are marked *