លោកឧកញ៉ា ហ៊ុន គឹមជាតិ ប្រកាសរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះ ក្រោយជនល្មើសចាប់រំលោភ ត្រូវបានតុលាការកាត់ទោសដាក់គុក ១២ឆ្នាំ តែនៅមានសេរីភាព

ភ្នំពេញៈ ឯកឧត្តម ហ៊ុន គឹមជាតិ ដែលត្រូវជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញមុខធ្វើការដោយផ្ទាល់ ទៅលើករណីបទល្មើសចាប់រំលោភសេពសន្ថវៈមួយ ដែលប្រព្រឹត្តឡើងដោយបុរសជាមេការសំណង់ម្នាក់ ចាប់រំលោភកូនស្រីកម្មករសំណង់ នៅការដ្ឋានសំណង់។
ករណីនេះ ជនល្មើសត្រូវបានតុលាការកាត់ក្ដី ដោយឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះចំនួន ៤០ លានរៀល។ ទោះបីជាតុលាការបានចេញសេចក្ដីសម្រេចយ៉ាងនេះក្ដី ក៏ជនសង្ស័យនៅតែមានសេរីភាពដើរហើរដោយសេរី និងបង្ហោះហ្វេសប៊ុកពីសកម្មភាពរបស់ខ្លួនដើរលេងនៅក្រៅគុកយ៉ាងរីករាយ។

ពាក់ព័ន្ធករណីនេះ លោក ហ៊ុន គឹមជាតិ បានប្រកាសថានឹងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានក្នុងករណីនេះ ដោយបង្ហោះរូបជនល្មើសឈ្មោះ តាំង គឹមឡុង ជាមួយនឹងសាលដីការសម្រេចរបស់តុលាការ។

លោក ហ៊ុន គឹមជាតិ បានសរសេរថា៖ “ករណីនេះ ទុកឲ្យខ្ញុំធ្វើការម្ដងបើគ្មានអ្នកយក។ តើឥឡូវជនល្មើសនៅឯណា? ឮសូរថា យក រូបថតជាមួយសម្ដេច ទៅគំរាមកំហែងក្មួយស្រីរងគ្រោះទៀត តើពិតទេ? លោកថា រឿងនេះមិនអាចទុកយូរប៉ុណ្ណាទេ ខ្ញុំចង់ដឹងថាក្នងក្រាសប៉ុណ្ណាដែរ”។
តាមរយៈសំណេររបស់ឯកឧត្តម ហ៊ុន គឹមជាតិ បានធ្វើឲ្យមហាជនសម្ដែងការគាំទ្រជាខ្លាំង និងរង់ចាំមើលថាតើវាសនារបស់ជនល្មើសដែលអាងខ្នងអាងខ្សែរូបនេះ ចុងក្រោយនឹងទៅជាយ៉ាងណា។

ក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមក៏បានចូលទៅបញ្ចេញមតិដែលថា៖ “ដីកាមានហើយតែសមត្ថកិច្ចមិនព្រមអនុវត្ត បើតែបែបនឹងយកសេចក្ដីទុកចិត្តពីពលរដ្ឋម្ដេចបាន។ រឿងនេះសូមឯកឧត្តមជួយពួកគាត់ផង។ សូមអនុញ្ញាតឆ្ងល់ ហេតុអ្វីករណីមួយនេះទាល់តែអ្នកមានបណ្ដាស័ក្ដិ ឬអ្នកល្បីចេញមុខទើបដោះស្រាយចេញ ឬរកយុត្តិធម៌ឃើញ ចុះអស់លោកថ្នាក់ក្រោមដែលទទួលបន្ទុកកិច្ចការផ្ទាល់ក៏ដូចជាអ្នកដែលនៅជាប់ជាមួយពលរដ្ឋ នឹងជនរងគ្រោះម៉េចបានមិនដែលធ្វើអីចេញសោះអ៊ីចឹង? ពេលខ្លះទៅពឹងពាក់គាត់ដូចទៅសុំភ្លើងយកទាល់តែមានទ្រនាប់ដៃជូន។ ទ្រនត់ហ្នឹងស្រួលមិនស្រួលដូចបង់អំបិលចូលទន្លេ ត្រឡប់មកផ្ទះវិញជាមួយនឹងក្ដីអស់សង្ឃឹមរាល់លើក។ យ៉ាងណា សូមអរគុណឯកឧត្តមដែលបានជួយឆាឆាវសង្ឃឹមថារឿងនេះនឹងមានចំណាត់ការ។ បុគ្គលនេះខ្សែធំណាស់មើលទៅ បានជាប្រព្រឹត្តអំពើតិរច្ឆានបែបនេះហើយ មិនមានមន្ត្រីអនុវត្តច្បាប់ណាហានអនុវត្តច្បាប់លើគេ។ តែពេលនេះមានវត្តមានឯកឧត្តមចេញមុខធ្វើការដោយផ្ទាល់បែបនេះ បាស់ណាស់មួយរយភាគរយ ទោះហែកមេឃរត់ក៏មិនរួចដែរ។ គាំទ្រឯកឧត្តម។ សង្ឃឹមថាបងនឹងជួយចាប់ជនល្មើសឲ្យបាន និងដកហូតតំណែងមន្ត្រីដែលអសមត្ថភាពចេញពីស្ថាប័នផង កុំឲ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកងកម្លាំងផ្សេងៗដែលគាត់មានឆន្ទៈក្នុងការបម្រើជាតិ”។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *