រាជធានីភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់មិញ ឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ១ រំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវមុខមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមានករណីជនសង្ស័យជាបុរសភេទទី ៣ ម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ងលួចទូរស័ព្ទដៃ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពខ្ចីទូរស័ព្ទពីក្មេងស្រីម្នាក់ដើម្បីធ្វើការទូរស័ព្ទ ប៉ុន្តែបែរជាឆ្លៀតឱកាសយកទូរស័ព្ទនោះរត់គេចខ្លួនទៅវិញ។ ភ្លាមៗនោះ ក្មេងស្រីរងគ្រោះបានបង្កការភ្ញាក់ផ្អើល និងបានពឹងពាក់អ្នកភូមិឱ្យជួយតាមរក រហូតប្រទះឃើញជនសង្ស័យនៅចំណុចកើតហេតុខាងលើ។
នៅពេលត្រូវបានឃាត់ខ្លួន និងធ្វើការសាកសួរ បុរសជាភេទទី ៣ រូបនេះបានឆ្លើយបដិសេធថាមិនបានលួចទូរស័ព្ទនោះទេ ដោយអះអាងទាំងមិនគួរឱ្យជឿថា គឺជាវិញ្ញាណដែលបានបង្គាប់ឱ្យខ្លួនយកទូរស័ព្ទនោះ។ ជាមួយគ្នានេះ ជនសង្ស័យក៏បានអះអាងដែរថា ខ្លួនពុំមានការប្រើប្រាស់សារធាតុញៀននោះឡើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីបន្តធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕