មហាជនដែលនិយមតាមដានវិស័យសិល្បៈកំប្លែងក្នុងស្រុក ប្រាកដជាបានស្គាល់ និងធ្លាប់បានសើចសប្បាយជាមួយនឹងការសម្ដែងរបស់អតីតតារាកំប្លែងជើងចាស់ លោកតា ឆុំ ប៊ុនឈឿន ហៅ តាចេក ដែលធ្លាប់មានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីអតីតកាល។
ប៉ុន្តែមួយរយៈធំចុងក្រោយនេះ តាចេក បានឃ្លាតឆ្ងាយពីការងារសិល្បៈ ហើយត្រូវបានគេដឹងថា លោកកំពុងតែតស៊ូរស់នៅក្នុងជីវភាពដ៏លំបាកលំប៉ិន ដោយប្រកបរបរលក់ផ្លែឈើ បន្លែ ភេសជ្ជៈ និងដើរសម្លៀងកាំបិតតាមផ្ទះជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រូបភាព និងដំណឹងពីការលំបាករបស់លោកតា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញក្ដីអាណិតអាសូរជាខ្លាំង ហើយកន្លងមកក៏ធ្លាប់មានសប្បុរសជនមួយចំនួនបានជួយជាថវិកាដល់លោកតាខ្លះៗផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាពដ៏គួរឲ្យក្ដុកក្ដួលរបស់តាចេក ដែលកំពុងអង្គុយហូបបាយម្នាក់ឯងនៅតាមចិញ្ចើមផ្លូវ ក្នុងសភាពកំសត់ បានលេចឡើង និងចែកចាយបន្តគ្នានៅលើបណ្ដាញសង្គម TikTok ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការរំជួលចិត្ត និងអាណិតលោកតាកាន់តែខ្លាំង។
ក្រោយពីបានឃើញរូបភាពដ៏កំសត់នេះ អ្នកលក់ផលិតផលអនឡាញដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ថាមានរូបសម្រស់ស្រស់ស្អាត និងមានចិត្តសប្បុរស អ្នកនាង Love Riya បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយប្រកាសស្វែងរកលោកតា តាចេក ដើម្បីជួយឧបត្ថម្ភថវិកាមួយចំនួន។
នៅក្នុងសារនោះ អ្នកនាង Love Riya បានសរសេររៀបរាប់ថា៖ “ជំរាបសួរបងប្អូនម៉ាក់មីសុំពឹងបងប្អូនជួយស៊ែរទៅដល់អ៊ុំប្រុសផង ម៉ាក់មីចង់ជួយថវិកាមួយចំនួន ដើម្បីសម្រួលជីវភាពគ្រួសារអ៊ុំប្រុសបានខ្លះៗ បើបងប្អូនណ
ាស
្គាល់គាត់ ជួយទំនាក់ទំនងមកផេក រឺ តេលេក្រាមខាងក្រោម 0973763333″។ អ្នកនាងក៏បានភ្ជាប់នូវលេខទូរស័ព្ទមួយចំនួនទៀតសម្រាប់ទំនាក់ទំនងផងដែរ។
បន្ទាប់ពីការបង្ហោះនេះ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិកោតសរសើរពីទឹកចិត្តដ៏ល្អរបស់អ្នកនាង Love Riya ហើយក៏មានអ្នកខ្លះបានផ្ដល់ព័ត៌មានថា លោកតាច្រើនតែលក់ដូរនៅម្ដុំតំបន់គិរីរម្យ ព្រមទាំងលើកទឹកចិត្តឲ្យអ្នកនាងជួយរកការងារសមរម្យណាមួយដល់លោកតា ប្រសិនបើអាចធ្វើទៅបាន។
គួររំលឹកផងដែរថា ទោះបីជាជីវភាពបច្ចុប្បន្នជួបការលំបាកយ៉ាងណាក្តី តាចេក នៅតែព្យាយាមតស៊ូ ហើយពេលខ្លះលោកក៏ទទួលបានការងារច្រៀង និងកំប្លែងតិចតួចតាមរោងការនៅក្នុងស្រុកភូមិម្តងម្កាលដែរ ប៉ុន្តែវាមិនទាន់អាចជួយលើកកម្ពស់ជីវភាពរបស់លោកឲ្យបានធូរស្រាលនៅឡើយទេ។ លោកតាធ្លាប់បានលើកឡើងថា លោកមិនដែលតូចចិត្តនឹងវាសនាទេ តែលោកក៏ចង់ស្នើសុំឲ្យបណ្ដាក្រុមភ្លេង ឬម្ចាស់កម្មវិធីនានា ផ្ដល់ឱកាសឲ្យលោកបានចេញសម្ដែងខ្លះៗផង ដើម្បីជាកម្លាំងចិត្តចុងក្រោយក្នុងជីវិតជាអ្នកសិល្បៈរបស់លោក។