ពុទ្ធោអើយ!! មន្ត្រីនគរបាល​នារី​ម្នាក់ រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ថៃ គ្រួសារ​អំពាវនាវ​រក​ជំនួយ​

ពុទ្ធោអើយ!! មន្ត្រីនគរបាល​នារី​ម្នាក់ រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ថៃ គ្រួសារ​អំពាវនាវ​រក​ជំនួយ​

បាត់ដំបង៖ នារី​ម្នាក់​ដែលជា​មន្ត្រីនគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ចុងខែ​មេសា​កន្លងទៅ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​ក្រុមគ្រួសារ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ថវិកា​សម្រាប់​ថ្លៃ​ព្យាបាល និង​បាន​អំពាវនាវ​រក​ជំនួយ​តាម​បណ្ដាញ​សង្គម។
យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣ កញ្ញា​ព្រិន្ទបាលឯក សារ រក្សា ជា​មន្ត្រីនគរបាលជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ (ម៉ូតូ​បុក​ម៉ូតូ) នៅក្នុង​ភូមិសាស្ត្រ ឃុំ​ត្រាង ស្រុក​កំរៀង ខណៈពេល​ធ្វើដំណើរ​ទៅធ្វើ​ការ។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​កញ្ញា សារ រក្សា រងរបួស​ធ្ងន់ធ្ងរ។

ភ្លាមៗ​ក្រោយ​កើតហេតុ កញ្ញា​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រាង បន្ទាប់មក​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ (បែក​ក្បាល និង​របួស​ជើង​ធ្ងន់ធ្ងរ មិនដឹង​ខ្លួន) ក្រុមគ្រួសារ​បានសម្រេច​ចិត្ត​បញ្ជូន​កញ្ញា​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ។

ទន្ទឹមនឹងនេះ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន រួមទាំង​គណនី​ឈ្មោះ “Nit Net” និង “Bong Ting” ដែល​គេ​ជឿថា​ជា​បងប្អូន ឬ​សាច់ញាតិ​របស់​កញ្ញា បាន​បង្ហោះ​សារ​អំពាវនាវ​រក​ជំនួយ​សម្រាប់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល ដែល​ត្រូវបាន​រៀបរាប់ថា​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់។ តាម​ការ​បង្ហោះ​នោះ ការវះកាត់​ក្បាល​បាន​ជោគជ័យ​ចំណាយអស់ ១ លាន​បាត ហើយ​ត្រូវការ​វះកាត់​ជើង​ជាបន្ទាន់​នៅ​ថ្ងៃទី​០១ ខែឧសភា ដែល​ត្រូវ​ចំណាយ ៥ សែន​បាត​បន្ថែមទៀត បើ​មិន​ដូច្នេះ​ទេ​អាច​នឹងត្រូវ​កាត់​ជើងចោល។ ថ្លៃ​សម្រាក​ព្យាបាល​ប្រចាំថ្ងៃ​គឺ ១ សែន​បាត។ ក្រុមគ្រួសារ​បាន​បញ្ជាក់ថា ពួកគេ​បាន​លក់​រថយន្ត ដីធ្លី និង​អ​ល្ល័​ង្ក​ការ​មួយចំនួន​ហើយ ប៉ុន្តែ​នៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​ការចំណាយ។ គណនី​ឈ្មោះ “Yem Set” ដែល​អះអាងថា​ជា​ឪពុកម្តាយ​ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​នេះដែរ។

ឆ្លើយតប​នឹង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​០១ ខែឧសភា បាន​ចាត់​ឲ្យ​ការិយាល័យ​ផែនការងារ និង​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន ទំនាក់ទំនង​ជាមួយ​លោក​អធិការនគរបាល​ស្រុក​កំរៀង ដើម្បី​ចាត់ចែង​នាំយក​ថវិកា​មួយចំនួន​ទៅ​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​សម្រួល​ដល់​ការលំបាក​ជា​ជំហាន​ដំបូង។

ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏បាន​កត់សម្គាល់​ពី​ការផ្សព្វផ្សាយ​អំពាវនាវ​រក​ជំនួយ​តាម​បណ្ដាញ​សង្គម​ដោយមាន​ភ្ជាប់​នូវ​លេខ​គណនី​ធនាគារ (QR Code) ផងដែរ។ ស្នងការដ្ឋាន​កំពុង​ឲ្យ​លោក​អធិការនគរបាល​ស្រុក​កំរៀង ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ក្រុមគ្រួសារ​របស់​កញ្ញា សារ រក្សា ថា​តើ​ការអំពាវនាវ​នេះ​ជា​ការពិត ឬ​យ៉ាងណា ដើម្បី​ធានា​ពី​តម្លាភាព និង​ជៀសវាង​ការ​ឆ្លៀតឱកាស​ផ្សេងៗ។

ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាប និង​សូម​ចូលរួម​ជូនពរ​ដល់​កញ្ញា សារ រក្សា ឆាប់​បានជា​សះស្បើយ៕

Leave a Reply

Your email address will not be published. Required fields are marked *