រឿង “នេសាទក្រពើ” ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ ហើយចាក់បញ្ចាំងដំបូងនៅឆ្នាំ ២០០៥ នៅតែជាភាពយន្តដែលស្ថិតក្នុងដួងចិត្តអ្នកគាំទ្រជាច្រើន។ ទោះបីជាចាក់បញ្ចាំងអស់រយៈពេលជិតពីរទសវត្សរ៍ក៏ដោយ ក៏ខ្សែភាពយន្តដែលសម្ដែងដោយកំពូលតារា ព្រាប សុវត្ថិ, លោកជំទាវ ស៊ឹម សូលីកា និងតារាល្បីៗជាច្រើនរូបទៀតនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ ដោយបានចាក់បញ្ចាំងតែនៅក្នុងរោងភាពយន្តតែប៉ុណ្ណោះ។
ថ្មីៗនេះ លោកស្រី អ៊ឹង គីមលាង ដែលជាកូនស្រីរបស់ថៅកែផលិតកម្មរស្មីហង្សមាស បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គម Facebook ដោយបានលើកឡើងពីបំណងចង់សុំអនុញ្ញាតពីអ្នកឳពុក ដើម្បីចាក់បញ្ចាំងខ្សែភាពយន្ត “នេសាទក្រពើ” ឡើងវិញ។
លោកស្រីបានសរសេរថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា! តើនៅចាំរឿង នេសាទក្រពោះ ឫអត់? បើមានបងប្អូន share ច្រើន ខ្ញុំទៅបបួលប៉ាខ្ញុំឱ្យចាក់នៅរោងកុនឡើងវិញម្តងទៀត»។
ភ្លាមៗបន្ទាប់ពីសារនេះត្រូវបានបង្ហោះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចូលមកបញ្ចេញមតិគាំទ្រយ៉ាងខ្លាំងក្លា និងទទូចចង់ឲ្យមានការចាក់បញ្ចាំងខ្សែភាពយន្ត “នេសាទក្រពើ” ជាថ្មីម្ដងទៀត ដើម្បីឲ្យអ្នកដែលខកខានបានទស្សនាកាលពីមុន ក៏ដូចជាអ្នកដែលចង់ទស្សនារឿងនេះឡើងវិញ បានមានឱកាសទស្សនានៅក្នុងរោងភាពយន្តសាជាថ្មី។ ការបង្ហើបពីលទ្ធភាពនេះ បានបង្កើតជាក្ដីសង្ឃឹមយ៉ាងខ្លាំងដល់អ្នកគាំទ្រភាពយន្តខ្មែរ ជាពិសេសអ្នកដែលធ្លាប់បានទស្សនា និងចងចាំរឿង “នេសាទក្រពើ” កាលពីពេលកន្លងទៅ។