កសិករវៀតណាមកំពុងជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែតម្លៃទុរេនពូជ Ri6 បានធ្លាក់ចុះដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ពោលគឺក្នុងខែឧសភា ឆ្នាំ ២០២៥ នេះ តម្លៃទុរេន Ri6 នៅតំបន់ដីសណ្តទន្លេមេគង្គ បានធ្លាក់មកត្រឹម ០.៩៨ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមសម្រាប់ការទិញនៅចំការផ្ទាល់។ តួលេខនេះបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកពី ០.២០ ទៅ ០.៥៩ ដុល្លារក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងតម្លៃកាលពីខែមុន។
ដោយសារតែតម្លៃទាបពេក កសិករជាច្រើនបានសម្រេចចិត្តដឹកទុរេនមកដាក់លក់ដោយផ្ទាល់តាមដងផ្លូវវិញ ដោយពួកគេអាចលក់បានក្នុងតម្លៃពី ១.១៧ ទៅ ២.៣៤ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដែលអាស្រ័យទៅលើគុណភាពផ្លែ។
លោក Nguyen Thi Giang អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Hau Giang បានលើកឡើងថា បញ្ហាទីផ្សារនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន ដែលបានបង្កើនស្តង់ដារគុណភាព បានក្លាយជាឧបសគ្គសម្រាប់កសិករមួយចំនួនក្នុងការលក់ទុរេនរបស់ពួកគេទៅកាន់ទីផ្សារក្រៅប្រទេស។
បន្ថែមពីលើនេះ ការខ្វះខាតឈ្មួញទិញក្នុងស្រុក ទោះបីជាតម្លៃទាបក៏ដោយ រួមផ្សំនឹងគុណភាពទុរេនដែលមិនស្ថិតស្ថេរ បានធ្វើឱ្យអ្នកទិញងាកទៅចាប់អារម្មណ៍តែទុរេននាំចូលដែលមានគុណភាពល្អជាង។ ស្ថានការណ៍នេះបានបង្ខំឱ្យកសិករជាច្រើនប្រឈមមុខនឹងការខាតបង់ និងនាំគ្នាដាក់លក់ទុរេនកកកុញពេញដងផ្លូវ ដើម្បីស្វែងរកប្រាក់ចំណូលខ្លះមកវិញ។