សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខ និងឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ — តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញទៅសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក រៀន សុភឿន អាយុ ៤៩ឆ្នាំ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ នៅលំនៅដ្ឋានផ្ទាល់ក្នុងសហគមន៍ត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងស្តីពីមរណភាពរបស់លោក រៀន សុភឿន ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនៅជិតក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។


ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុក ជាទីគោរពស្រលាញ់ និងជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាពគ្រួសារ។ ដើម្បីរួមចំណែកជួយសម្រាលបន្ទុក និងការលំបាកក្នុងគ្រាទុក្ខសោកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់ការឧបត្ថម្ភនូវថវិកាចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន។ ជាមួយគ្នានេះដែរ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ១.០០០.០០០ (មួយលាន) រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងសភាពសោកសង្រេង អ្នកស្រី ធី ណារ៉េន អាយុ ៤៨ឆ្នាំ ជាភរិយារបស់សព រួមជាមួយក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ ដោយបានចាត់មន្ត្រីឱ្យចុះជួបសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភទាន់ពេលវេលា ក្នុងខណៈដែលក្រុមគ្រួសារកំពុងជួបប្រទះទុក្ខសោកធ្ងន់ធ្ងរនេះ។

អ្នកស្រីបានបញ្ជាក់ថា ថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក្រុមគ្រួសារនឹងយកទៅចាត់ចែងរៀបចំពិធីបុណ្យ៧ថ្ងៃជូនសពឱ្យបានសមរម្យ។ ជាចុងក្រោយ ក្រុមគ្រួសារសពទាំងអស់គ្នា បានរួមគ្នាគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *