ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានទទួលស្គាល់ថា កីឡាករ ធឿន ធារ៉ា ធ្វើមិនបានល្អក្នុងការប្រកួតការពារខ្សែក្រវាត់ IPCC ជាមួយកីឡាករសញ្ជាតិសេណេហ្គាល់ អាប់ឌុលឡា ដាយឡូ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ខូវ ឆាយ បានលើកឡើងថា ធឿន ធារ៉ា បានធ្លាក់កម្លាំងតាំងពីទឹកទី១ ប៉ុន្តែបានព្យាយាមវាយបកវិញនៅទឹកទី២។ លោកបានបន្ថែមថា មុនការប្រកួត ធឿន ធារ៉ា មានអាការៈមិនស្រួលខ្លួន ដោយក្អួតចង្អោរ។ ទោះបីជា ធឿន ធារ៉ា ត្រូវបានប្រកាសថាឈ្នះពិន្ទុក្នុងការប្រកួត៣ទឹកនេះក្ដី ឯកឧត្តមបានបញ្ជាក់ថា បើជាការប្រកួតមិត្តភាពធម្មតា ធារ៉ា គួរតែចាញ់ ប៉ុន្តែដោយសារជាការដណ្តើមខ្សែក្រវាត់ ទើបការមានប្រៀបបន្តិចបន្តួចរបស់គូប្រកួតមិនអាចផ្ដួលម្ចាស់ខ្សែក្រវាត់បាន។
ការប្រកួតនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ដោយយល់ថាការសម្រេចឱ្យ ធឿន ធារ៉ា ឈ្នះគឺអយុត្តិធម៌សម្រាប់កីឡាករបរទេស។ មតិជាច្រើនយល់ថា ធឿន ធារ៉ា មួយរយៈចុងក្រោយនេះមិនសូវបានហ្វឹកហាត់ដិតដល់នោះទេ ដោយឮថាជាប់រវល់លេងបាល់ទះ។
ក្រោយបញ្ចប់ការប្រកួត ធឿន ធារ៉ា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានអាការៈឈឺក្បាល និងពិបាកដកដង្ហើម។ ប្រភពជិតស្និទ្ធបានឱ្យដឹងថា ធារ៉ា មានជំងឺគ្រុនញាក់តាំងពីមុនប្រកួតមកម្ល៉េះ ប៉ុន្តែបានសម្រេចចិត្តឡើងវាយទាំងឈឺដើម្បីកុំឱ្យប៉ះពាល់ដល់កម្មវិធី និងអ្នកគាំទ្រ។ ទោះជាយ៉ាងនេះក្ដី មហាជនមួយចំនួនយល់ថា ការចូលមន្ទីរពេទ្យនេះអាចជាលេសដើម្បីគេចពីការរិះគន់។