ទីបំផុត! ម្ចាស់រថយន្តចេញមុខបកស្រាយ ករណីម៉ូតូបើកលឿនវ៉ាជ្រុលបុកបណ្ដាលឲ្យស្លាប់ ទារសំណង៥០០០ដុល្លារ

ទីបំផុត ម្ចាស់រថយន្តរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តនៅខេត្តប៉ៃលិន ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ បានចេញមុខបកស្រាយ បន្ទាប់ពីមានការចរចាទាមទារសំណងជំងឺចិត្ត។ ហេតុការណ៍នេះពាក់ព័ន្ធនឹងនិស្សិតស្រីម្នាក់បើកម៉ូតូលឿន វ៉ារថយន្ត ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ ហើយភាគីខាងម៉ូតូបានប្ដឹងទារសំណង ៥០០០ ដុល្លារ។

យោងតាមការបំភ្លឺពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង ១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។ ហេតុការណ៍នេះគឺ និស្សិតស្រីម្នាក់បានបើកម៉ូតូលឿន វ៉ារថយន្ត ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួនម្នាក់ (អ្នកបើកម៉ូតូ)។ ក្រុមជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូជាអ្នកបង្ក ដោយបានឡើងវ៉ារថយន្តដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា រួចក៏ជ្រុលទៅបុករថយន្តដែលកំពុងបើកបញ្រ្ចាសទិស ដែលស្ថិតនៅលើផ្លូវអាទិភាពរបស់រថយន្តនោះ។

ចំពោះករណីនេះ ជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក។ លើកទី១ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥, លើកទី២ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ និងលើកទី៣ ក៏នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ផងដែរ។ ជាលទ្ធផល ភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះ បានជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ក ចំនួន ៤លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា បញ្ចប់រឿង។

លុះបន្តិចក្រោយមក នៅថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្ក មិនយល់ព្រម ដោយបង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្ក ទាមទារទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ទើបយល់ព្រម។ ដោយមិនមានការឯកភាពគ្នា ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

បន្ថែមក្នុងករណីនេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមបុណ្យទៅភាគីបង្កចំនួន ១០០០ ដុល្លារ បន្ថែមទៀត។

ងាកទៅកាន់ម្ចាស់រថយន្តដែលរងគ្រោះវិញ ក៏បានចេញមុខបង្ហោះសារនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់ខ្លួនជាមួយមន្ត្រីនគរបាល និងរថយន្តដែលខូចខាត ព្រមទាំងបានរៀបរាប់ថា៖ “ក្នុងនាមខ្ញុំជាម្ចាស់រថយន្តរងគ្រោះ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដែលមានម៉ូតូមួយគ្រឿងឡើងវ៉ារថយន្ត មកចូលឡាននាងខ្ញុំ ត្រង់ចំណុចភូមិបាលិលេយ្យ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជំនាញពាក់ព័ន្ធ ដែលចាត់ការរកយុត្តិធម៌ឲ្យនាងខ្ញុំទទួលយកបាន។”

Leave a Reply

Your email address will not be published. Required fields are marked *