Update: នារីម្នាក់ធ្លាក់ពីលើអគារស្លាប់ក្បែរមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ភ្នំពេញ ត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ បន្ទាប់ពីបានធ្លាក់ពីលើអគារខ្ពស់មួយកន្លែង មកបោកនឹងថ្នល់ កាលពីវេលាម៉ោងប្រមាណ ០៣:៤៥នាទីរសៀល ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ជាប់ច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយមក នារីរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយថា មានឈ្មោះ សាត សុជាតៈ កើតឆ្នាំ២០០៣ មានស្រុកកំណើតនៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មុននឹងស្គាល់អត្តសញ្ញាណ ភិនភាគរបស់នារីរងគ្រោះត្រូវបានគេដឹងថា មានវ័យជាង២០ឆ្នាំ មានសាក់យ័ន្តពណ៌ក្រហមនៅខ្នង និងសាក់រូបតុក្កតា Kitty ពណ៌ក្រហមនៅកដៃខាងឆ្វេង។ ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ខណៈដែលមូលហេតុនៃការធ្លាក់នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។

ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមមាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ និងហ៊ុមព័ទ្ធតំបន់នោះ រង់ចាំក្រុមជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យ និងស្រាវជ្រាវតាមនីតិវិធី។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានករណីអកុសលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *