កសិករឪឡឹកនៅវៀតណាម និងថៃ យំមិនចេញ រឿងតម្លៃធ្លាក់ចុះខ្លាំង រហូតលក់ខាតលុយដើម

វៀតណាម និងថៃ៖ ប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាម និងថៃ កំពុងជួបប្រទះបញ្ហាស្រដៀងគ្នា គឺកសិករដាំឪឡឹកកំពុងប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ដោយសារតែតម្លៃផ្លែឪឡឹកបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរដូវប្រមូលផលឆ្នាំនេះ។ បញ្ហានេះបានកើតឡើងស្របពេលដែលការយកចិត្តទុកដាក់របស់សាធារណជនភាគច្រើនកំពុងតែផ្ដោតទៅលើបញ្ហាផ្លែទុរេនធ្លាក់ថ្លៃ។

សារព័ត៌មានល្បីៗទាំងរបស់វៀតណាម និងថៃ បានចុះផ្សាយព្រមគ្នាពីស្ថានភាពដ៏លំបាករបស់កសិករដាំឪឡឹក។ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ នេះ សារព័ត៌មានវៀតណាម VNExpress បានធ្វើការចុះផ្សាយក្រោមចំណងជើងថា “អ្នកដាំឪឡឹកនៅខេត្ត ក្វាងណាម បរាជ័យហើយ ព្រោះតម្លៃធ្លាក់ចុះខ្លាំង”។ អត្ថបទព័ត៌មាននេះបានរៀបរាប់ថា ចម្ការឪឡឹកជាច្រើនកន្លែងនៅក្នុងស្រុក ភូណិញ ដល់ពេលប្រមូលផលហើយ តែមិនត្រឹមតែទទួលបានទិន្នផលទាបប៉ុណ្ណោះទេ ថែមទាំងលក់ចេញក្នុងតម្លៃដ៏មហាសែនថោកត្រឹមតែ ៤,០០០ ដុង ឬស្មើនឹងប្រមាណ ៦០០ រៀលខ្មែរ ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ អ្វីដែលសំខាន់ជាងនេះ គឺគ្មានអ្នកទិញទៀតផង។

មិនខុសអ្វីពីប្រទេសវៀតណាមឡើយ ប្រភពពីសារព័ត៌មានថៃ Khaosod ដែលបានធ្វើការរីកា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ ក៏បានឲ្យដឹងដូចគ្នាដែរថា កសិកររបស់ប្រទេសថៃនៅក្នុងខេត្ត រាជបុរី កំពុងតែយំឈឺចិត្ត ត្បិតតែតម្លៃឪឡឹកធ្លាក់ទាបដល់បាត ដោយលក់ចេញទាំងខាតលុយដើម ក្នុងតម្លៃត្រឹមតែ ៥ បាត ឬស្មើនឹងប្រមាណ ៦០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ អ្នកដាំឪឡឹកថៃបានប្រើភាសាថា “ឪឡឹកងាប់” ព្រោះតែតម្លៃនេះមិនរួចទាំងថ្លៃពលកម្ម និងចំណាយផ្សេងៗ។

ទាក់ទងនឹងបញ្ហាតម្លៃឪឡឹកនៅវៀតណាម សារព័ត៌មាន VNExpress បានជួបសម្ភាសន៍ជាមួយម្ចាស់ចម្ការឪឡឹកជាច្រើនរូបនៅក្នុងស្រុក ភូណិញ ដែលជាស្រុកមានឯកទេសដាំឪឡឹកធំជាងគេប្រចាំខេត្ត ក្វាងណាម។ នៅក្នុងរដូវរងាឆ្នាំនេះ ផ្ទៃដីដាំឪឡឹកសរុបទូទាំងស្រុកមួយនេះមានប្រហែល ៤០០ ហិកតា។ លោកពូ ណាំ ម្នាក់នៅឃុំ តាស៊ូក ដែលកំពុងតែបង្វែរផ្លែឪឡឹកជាមួយនឹងប្រពន្ធរបស់គាត់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ចាប់តាំងពីដើមខែមក ឪឡឹកក្នុងចម្ការគាត់អាចប្រមូលផលបានហើយ ដោយឪឡឹកមួយផ្លែមានទម្ងន់ចាប់ពី ៤ ទៅ ៨ គីឡូក្រាម។ ប៉ុន្តែមិនមានឈ្មួញចុះមកប្រមូលទិញនោះទេ។ លោកបានចំណាយប្រាក់អស់ជាង ៣០ លានដុង លើគ្រាប់ពូជ ជី និងថ្នាំសម្លាប់សត្វល្អិត ដោយមិនគិតអំពីកម្លាំងពលកម្មនោះទេ។ កាលពីដើមរដូវ ជួបនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំងពេលដាំ បណ្ដាលឲ្យកូនឪឡឹកងាប់សឹងតែទាំងអស់ ហើយត្រូវដាំវិញម្ដងទៀត។ នៅពេលកំពុងចេញផ្កា ស្រាប់តែអាកាសធាតុក្ដៅខ្លាំង ផ្គួបផ្សំទៅនឹងទឹកភ្លៀង ដែលបណ្ដាលឲ្យកាន់តែផ្លែតិច។

លោកពូ ណាំ បានបន្តទៀតថា ដាំឪឡឹកឆ្នាំនេះ គាត់ប្រមូលផលបានពាក់កណ្ដាលហើយ ដោយបេះមួយថ្ងៃបានឪឡឹកមួយតោនកន្លះ ហើយលក់បាន ២,៨០០ ទៅ ៤,០០០ ដុង ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ទិន្នផលធ្លាក់ចុះ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ ហើយតម្លៃធ្លាក់ចុះពាក់កណ្ដាល។ លោកពូ ណាំ បានបន្តទៀតថា នៅមានផ្លែទុំចំនួន ៣ ចម្ការទៀត ប៉ុន្តែមិនទាន់មានអ្នកទិញនៅឡើយទេ។ ខណៈពេលដែលឈ្មួញភាគច្រើនបានមកដល់ចម្ការហើយ តែមិនទាន់មានអ្នកណាកក់លុយនោះឡើយ។ ដូច្នេះហើយ បើពួកគាត់មិនបង្វែរត្រឡប់ផ្លែវាចោលទេ វានឹងអាចខូចប្រេះ ព្រោះតែកម្ដៅព្រះអាទិត្យ ឬក៏សត្វល្អិតចោះជាមិនខាន។ លោកពូ ណាំ បានរំលឹកថា បើកាលពីឆ្នាំមុនវិញ មានឡានរបស់ឈ្មួញដឹកឪឡឹករាប់សិប តម្រង់ជួរគ្នា ដើម្បីទិញ និងនាំចេញឪឡឹកទៅលក់នៅប្រទេសចិន។ ប៉ុន្តែក្នុងឆ្នាំនេះ ប្រទេសចិនក៏បានដាំឪឡឹកដែរ។

ងាកមកប្រទេសថៃឯណេះវិញ អ្នកយកសារព័ត៌មានរបស់អង្គភាព Khaosod បានចុះទៅដល់ចម្ការឪឡឹកនៅឃុំ ចោមបឹង ស្រុក រាជបុរី។ កសិករថៃនៅទីនោះស្រាប់តែនាំគ្នា ងាកមកដាំឪឡឹកឡើងវិញ ដោយមានផ្ទៃដីដាំដុះជាង ២០០ រ៉ៃ។ ប៉ុន្តែចម្ការដែលប្រមូលផលបានមានប្រហែលជា ៦០ រ៉ៃប៉ុណ្ណោះ។ អ្វីដែលជាបញ្ហានោះ ក្រៅពីមិនសូវពេញនិយមញ៉ាំ ក៏មានផ្លែឈើច្រើនប្រភេទដល់រដូវប្រមូលផលបុកគ្នា ពិសេសគឺផ្លែទុរេន។ ស្របពេលស្ថានភាពសេដ្ឋកិច្ចក៏កំពុងតែតោកយ៉ាក។ កសិករថៃរូបនេះ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា តម្លៃនេះគឺទាបណាស់ ទាបទាល់តែមែនទែន មិនរួចថ្លៃដើមទេ។ ឆ្នាំនេះខាតច្រើន ទាំងដែលជំពាក់បំណុលគេនៅឡើយ។

លោក ច័ន្ទ អូ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត ក្វាងណាម បានពន្យល់ថា កាលពីឆ្នាំមុន ឪឡឹកត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិន ដូច្នេះតម្លៃគឺខ្ពស់។ ប៉ុន្តែនៅឆ្នាំនេះ ឪឡឹកនាំចេញទៅប្រទេសចិនមានកម្រិតទាប ហើយភាគច្រើនលក់នៅក្នុងស្រុក។ ដូច្នេះហើយ ទើបធ្វើឲ្យតម្លៃទាប ដោយសារទីផ្សារប្រែប្រួល។ កសិករទាំងនៅវៀតណាម និងថៃ សុទ្ធតែសម្រេចចិត្តថា បញ្ចុះតម្លៃត្រឹមប្រមាណ ៥ បាត ឬ ៤,០០០ ដុង (ប្រហែល ៦០០ រៀល) ក្នុងមួយគីឡូក្រាម ប្រសើរជាងទុកឲ្យវាខូចចោល ដោយសង្ឃឹមថា នឹងអាចបានលុយខ្លះមកវិញ ដើម្បីទប់ទល់ និងត្រៀមដាំដំណាំសម្រាប់រដូវក្រោយៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *