ខេត្តព្រះសីហនុ៖ ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១១ និង ៤០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយរថយន្តដឹកប្រេងមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។
យោងតាមសេចក្ដីរាយការណ៍ មនុស្សចំនួន ៥នាក់បានស្លាប់ក្នុងហេតុការណ៍នេះ រួមមាន៖
១. លោកស្រី អ៊ុក ភាព ភេទស្រី អាយុ ៤៦ឆ្នាំ (ម្ចាស់ផ្ទះទី១ ជាកម្មការិនីរោងចក្រ)
២. លោក ម៉ឺន ភក្ដី ភេទប្រុស អាយុ ៤០ឆ្នាំ (ម្ចាស់ផ្ទះទី២)
៣. កុមារា យ៉ា សុខសិលា ភេទប្រុស អាយុ ១៨ឆ្នាំ
៤. កុមារី ភក្ដី វីតា ភេទស្រី អាយុ ១៥ឆ្នាំ
៥. កុមារា ភក្ដី សមែន ភេទប្រុស អាយុ ១៣ឆ្នាំ
អ្នកស្រី បាត ស្រីមុំ អាយុ ៣៥ឆ្នាំ (ភរិយាលោក ម៉ឺន ភក្ដី និងត្រូវជាម្តាយកុមារា ភក្ដី សមែន) បានរងរបួសស្រាល។
ការខូចខាតទ្រព្យសម្បត្តិរួមមាន៖
រថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុន Clean Energy ពាក់ស្លាកលេខ 4A-2820 ឆេះក្បាលរថយន្តអស់ទាំងស្រុង។
ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងឆេះអស់ទាំងស្រុង៖
ផ្ទះទី១ របស់លោកស្រី អ៊ុក ភាព សង់ពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ។
ផ្ទះទី២ របស់លោក ម៉ឺន ភក្ដី និងអ្នកស្រី បាត ស្រីមុំ សង់ពីថ្ម ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ។
ម៉ូតូចំនួន ៥គ្រឿង។
ទ្រព្យសម្បត្តិផ្សេងៗទៀត សរុបជាទឹកប្រាក់ប៉ាន់ស្មានប្រមាណ ៥០,០០០ ដុល្លារអាមេរិក។
បើតាមការបំភ្លឺពីឈ្មោះ ភក្ដី គៀវ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជាកូនម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន Clean Energy បានបង្ហូរសាំងលក់ឲ្យម្ចាស់ផ្ទះ។ ពេលកំពុងបង្ហូរបាន ២ប៊ីដុង ហើយលើកយកទៅទុកក្នុងផ្ទះ និងកំពុងបង្ហូរប៊ីដុងទី៣ បានប្រមាណកន្លះប៊ីដុង ស្រាប់តែមានការឆាបឆេះតែម្តង ខណៈពេលនោះម្ដាយរបស់ខ្លួនកំពុងអង្គុយហូបអាហារនៅមុខផ្ទះ។
កម្លាំងនគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន (ស្មើនឹង ១២ម៉ែត្រគូប) និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២រថយន្ត ដើម្បីអន្តរាគមន៍ពន្លត់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តការស៊ើបអង្កេត និងចាត់ការតាមនីតិវិធី។