ភ្នំពេញ, ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ – ក្រោយពីមានការកត់សម្គាល់នូវសារបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ិត រ៉ាដា ដែលលើកឡើងអំពីភរិយារបស់លោក គឺកំពូលតារាចម្រៀង មាស សុខសោភា និងការជឿលើជំនឿមួយចំនួន ស្រាប់តែនៅថ្ងៃនេះ អ្នកនាង មាស សុខសោភា បានធ្វើការឡាយវីដេអូផ្ទាល់ខ្លួនអស់រយៈពេលជាងមួយម៉ោងកន្លះ ដើម្បីបកស្រាយ និងឆ្លើយតបចំពោះអ្វីដែលស្វាមីរបស់នាងបានលើកឡើង។
អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងនៅក្នុងការឡាយវីដេអូនោះ គឺពាក្យសម្ដីជាច្រើនដែលអ្នកនាង មាស សុខសោភា បាននិយាយ ដោយហាក់ដូចជាបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងអ្នកនាង និងស្វាមីគឺលោក អ៊ិត រ៉ាដា បានឈានដល់ចំណុចបែកបាក់ហើយ។ លើសពីនេះទៅទៀត ក្នុងវីដេអូឡាយនោះ អ្នកនាង មាស សុខសោភា ថែមទាំងបានហៅលោក អ៊ិត រ៉ាដា ថាជា “អតីតស្វាមី” ទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្តាយចំពោះទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានការចេញមុខបកស្រាយណាមួយពីលោក អ៊ិត រ៉ាដា ជុំវិញការឡាយវីដេអូ និងការលើកឡើងរបស់ភរិយានៅឡើយទេ។ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំតាមដានមើលថាតើភាគីទាំងពីរនឹងមានការបកស្រាយបន្ថែមអំពីបញ្ហាដែលកំពុងកើតឡើងនេះដែរឬយ៉ាងណា៕