យោងតាមព័ត៌មាន និងសេចក្តីបំភ្លឺរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៨ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និងឃាត់ខ្លួនអ្នកបើកបរម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៦:១០ព្រឹក នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស របស់ក្រុមការងារចរាចរណ៍ខេត្តព្រៃវែង។
យោងតាមសេចក្តីបំភ្លឺរបស់សមត្ថកិច្ច បានឱ្យដឹងថា មន្ត្រីចរាចរណ៍បានធ្វើសញ្ញាបញ្ជាឱ្យរថយន្តម៉ាក FUSO មួយគ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0756 ដែលមានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខត្បូងឃ្មុំ 4A-1067 ឈប់ ដើម្បីឆែកឯកសារ។ ពេលអ្នកបើកបររថយន្ត FUSO កំពុងចុះយកឯកសារពាក់ព័ន្ធនឹងរថយន្ត រថយន្តម៉ាក HYUNDAI មួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 3B-4446 ដែលផ្ទុកទំនិញលើសទម្ងន់ និងបើកបរក្នុងល្បឿនលឿន បានមកបុកពីក្រោយរថយន្ត FUSO ពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្ត HYUNDAI គាបជាប់ក្នុងកាប៊ីន និងស្លាប់បាត់បង់ជីវិត។ អ្នករួមដំណើរម្នាក់ទៀតក្នុងរថយន្ត HYUNDAI បានលោតចេញតាមកញ្ចក់ខាងមុខ និងបានរួចជីវិត។
ក្រោយហេតុការណ៍ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក FUSO ដែលឈប់នៅពីមុខ ដើម្បីសាកសួរ។ ក្រុមការងារ និងពលរដ្ឋបានជួយគាស់យកសពជនរងគ្រោះ និងហៅរថយន្តសង្គ្រោះ បើទោះជាយ៉ាងណាក៏ជនរងគ្រោះបានស្លាប់នៅពាក់កណ្ដាលផ្លូវ។
យ៉ាងណាមិញ ក្រោយសេចក្តីបំភ្លឺរបស់សមត្ថកិច្ចចេញផ្សាយ ខាងភាគីគ្រួសារជនរងគ្រោះហាក់មិនសុខចិត្ត និងបានលើកឡើងថា បើប៉ូលីសមិនបានកាក់រថយន្ត FUSO ឱ្យឈប់នោះទេ ក៏មិនមានការបុកពីក្រោយដែរ។ អ្នកបើកបររថយន្ត FUSO ក៏បានបង្ហោះសារលើ Facebook ដោយលើកឡើងខុសពីសមត្ថកិច្ចផងដែរ ដោយថាខ្លួនបានឈប់តាមការបញ្ជា ប៉ុន្តែមិនទាន់បានចុះពីលើរថយន្តផង ក៏ត្រូវរថយន្ត HYUNDAI បុកពីក្រោយតែម្តង ខុសពីការបកស្រាយរបស់ប៉ូលីសដែលថារួចរាល់ការត្រួតពិនិត្យ និងអនុញ្ញាតឱ្យបន្តដំណើរ។
រហូតមកដល់ពេលនេះ ភាពមិនសុខចិត្ត និងចម្ងល់អំពីអ្នកណាខុស អ្នកណាត្រូវ នៅតែមានក្នុងចំណោមសាធារណជន ជាពិសេសក្រុមគ្រួសារជនរងគ្រោះ។