ម្តាយរបស់ប្អូនប្រុស ចាន់ សុវណ្ណរាជ ដែលជាសិស្សពូកែផ្នែកគណិតវិទ្យា ទូទាំងប្រទេស ទទួលបានជ័យលាភីលេខ១ មកពីខេត្តព្រៃវែង បានរៀបរាប់ទាំងក្តុកក្តួល និងស្រក់ទឹកភ្នែក អំពីជីវិតតស៊ូរបស់កូនប្រុស ក្នុងការខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ នាំមកនូវកិត្តិយស និងភាពល្បីល្បាញទូទាំងប្រទេស។
អ៊ំស្រីបានបង្ហើបឲ្យដឹងថា សុវណ្ណរាជ គឺជាក្មេងម្នាក់ដែលមានភាពឧស្សាហ៍ព្យាយាមណាស់។ រាល់ពេលដែលត្រឡប់មកពីសាលារៀនវិញ គេតែងតែដាំបាយ និងធ្វើម្ហូបញ៉ាំដោយខ្លួនឯង។ អ៊ំស្រីបន្តថា៖ «ពេលខ្លះ គាត់ញ៉ាំពងទា ក៏មាន ឬពេលខ្លះ ញ៉ាំត្រីខកំប៉ុង ហើយមិនដែលត្អូញត្អែរឡើយ ថាម្ហូបឆ្ងាញ់ ឬមិនឆ្ងាញ់នោះទេ។»
ការរៀបរាប់ទាំងទឹកភ្នែករបស់ម្តាយសិស្សឆ្នើមរូបនេះ បានបង្ហាញពីការលះបង់ និងការតស៊ូព្យាយាមរបស់ ចាន់ សុវណ្ណរាជ ដែលជាគំរូមួយសម្រាប់យុវជនដទៃទៀត ក្នុងការជំនះរាល់ការលំបាក ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។