ភ្នំពេញ ៖ លោក Rada Ith ដែលជាស្វាមីតារាចម្រៀងអ្នកស្រី មាស សុខសោភា បានដាក់ពាក្យប្តឹងលោក «អង្គមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង» ពីបទឆបោក។ លោក Rada Ith បានលើកឡើងថា លោកតាសក់ស បានធ្វើឱ្យភរិយារបស់លោកជឿជាក់យ៉ាងខ្លាំង រហូតចំណាយប្រាក់ជាង ៣០ម៉ឺនដុល្លារ ក្នុងនោះប្រាក់ជាង ២០ម៉ឺនដុល្លារ ចេញពីគណនីធនាគាររបស់លោកផ្ទាល់ ដើម្បីសាងសង់ទីតាំងគោរពសាសនាមួយដែលគ្មានច្បាប់អនុញ្ញាត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហួន គា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ បានបញ្ជាក់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ថា សកម្មភាពសាងសង់របស់លោកតាសក់សនៅក្រោមជើងភ្នំត្បែង គឺធ្វើខុសច្បាប់ ហើយក្រសួងធម្មការ និងសាសនា បានបញ្ឈប់សកម្មភាពរបស់គាត់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មកម្ល៉េះ។ ក្រសួងតម្រូវឱ្យលោកតាសក់សសុំច្បាប់ឱ្យបានត្រឹមត្រូវ បង្ហាញប្រភពចំណូលពីការបរិច្ចាគ និងបញ្ឈប់ជាដាច់ខាតការផ្សព្វផ្សាយសាសនាលើបណ្តាញសង្គមដែលបណ្តាលឱ្យសាធារណជនយល់ច្រឡំ។
លោក ហួន គា បានបន្ថែមថា ការប្តឹងរបស់ស្វាមីអ្នកស្រី មាស សុខសោភា គឺដោយសារការចំណាយប្រាក់ដ៏ច្រើនរបស់ភរិយា ប៉ុន្តែសម្រាប់អាជ្ញាធរ គឺផ្ដោតសំខាន់លើការអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងឡាយរបស់លោកតាសក់ស។ ករណីនេះបានល្បីល្បាញ បន្ទាប់ពីលោក Rada Ith បានបង្ហោះសារលម្អិតនៅលើបណ្ដាញសង្គមអំពីការព្រួយបារម្ភ និងការសង្ស័យរបស់លោកចំពោះសកម្មភាព និងអត្តសញ្ញាណរបស់បុគ្គលរូបនេះ។