ភ្នំពេញ ៖ ករណីម្ចាស់រថយន្តម្នាក់ត្រូវបានគេរាយការណ៍ថាបានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយរថយន្តរបស់គាត់ត្រូវបានម៉ូតូបុកបណ្ដាលឱ្យមានអ្នកស្លាប់រហូតដល់ទៅពីរលើកក្នុងរយៈពេលពីរឆ្នាំជាប់គ្នា កំពុងក្លាយជាប្រធានបទក្ដៅ និងបង្កការជជែកវែកញែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមការលើកឡើង និងចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បានឱ្យដឹងថា ម្ចាស់រថយន្តរូបនេះធ្លាប់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីអំឡុងឆ្នាំ២០២៤ ម្តងរួចមកហើយ ដោយកាលណោះមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិននឹកស្មានដល់នោះគឺ នៅដើមខែឧសភា ឆ្នាំ២០២៥ នេះ ពោលគឺនៅថ្ងៃទី៤ ខែឧសភា ម្ចាស់រថយន្តដដែលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា ដោយមានអ្នកជិះម៉ូតូមកបុកជាមួយរថយន្តរបស់គាត់ ហើយជាអកុសលក៏បណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ទៀតផងដែរ។
ហេតុការណ៍កើតឡើងដដែលៗទៅលើម្ចាស់រថយន្តដដែលនេះ បានធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម បង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំងចំពោះម្ចាស់រថយន្ត ខណៈដែលមានមតិជាច្រើនបានលើកឡើងពីភាពចៃដន្យដ៏អាក្រក់ និងបានពិភាក្សាគ្នាអំពីហេតុផលផ្សេងៗនៅពីក្រោយហេតុការណ៍មិនធម្មតានេះ៕